រដ្ឋបាលស្រុកឱរ៉ាល់ ព្រមានចាត់វិធានការដោយមិនលើកលែងដល់អ្នកទន្ទ្រាន កាន់កាប់ លក់ទិញ និងអាជ្ញាធរភូមិឃុំ ដែលគប់គិត បញ្ជាក់លើលិខិតផ្សេងៗ លើដីរបស់រដ្ឋ និងដីព្រៃ នឹងត្រូវទទួលរងការអនុវត្តវិធានការតាមផ្លូវច្បាប់
កំពង់ស្ពឺ៖ រដ្ឋបាលស្រុកឱរ៉ាល់ បានព្រមានចាត់វិធានការដោយមិនលើកលែងដល់អ្នកឈូសឆាយ ទន្ទ្រាន កាន់កាប់ លក់ទិញ និងអាជ្ញាធរភូមិឃុំ ដែលចូលរួមគប់គិតចុះហត្ថលេខាបញ្ជាក់លើឯកសារផ្សេងៗ លើដីរដ្ឋ និងដីព្រៃ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
ការព្រមាននេះ ធ្វើឡើងក្រោយមានការផ្សព្វផ្សាយព័ត៌មាន និងប្រភពផ្សេងៗ ដែលបានលើកឡើងថា នៅក្នុងស្រុកឱរ៉ាល់នៅតែមានសកម្មភាពលួចឈូសឆាយ ទន្ទ្រានដីរដ្ឋ កាន់កាប់ និងបញ្ជាក់លើលិខិតផ្សេងៗលើដីរដ្ឋ និងដីព្រៃ (ដីដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងដីដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ)។
នៅក្នុងសេចក្តីជូនដំណឹងរបស់អភិបាលស្រុកឱរ៉ាល់ លោក ងួន វាសនា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះថា ដើម្បីពង្រឹងវិធានការលើការទប់ស្កាត់ ការទន្ទ្រាន ការកាន់កាប់ ការលក់ទិញ និងការបញ្ជាក់លើលិខិតផ្សេងៗលើដីរបស់រដ្ឋនិងដីព្រៃ រដ្ឋបាលស្រុកបានដាក់ចេញនូវវិធានការ និងការណែនាំដល់មន្ត្រីពាក់ព័ន្ធដូចតទៅ៖
១-ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញនិងនាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ត្រូវដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ក្នុងការទប់ស្កាត់ និងបង្ក្រាបការទន្ទ្រាន ការឈូសឆាយដីរដ្ឋ និងដីព្រៃ ក្នុងករណីមានការឈូសឆាយ ត្រូវរាយការណ៍និងធ្វើរបាយការណ៍បន្ទាន់មក អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ឱ្យបានឆាប់បំផុត។
២-មេភូមិ មេឃុំគ្រប់រូប មិនត្រូវចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋ និងដីព្រៃជាដាច់ខាត។
៣-មន្ត្រីជំនាញទាំងរដ្ឋ ទាំងឯកជន មិនត្រូវប្រើឧបករណ៍វាស់វែងឬចេញគំនូសបង្ហាញទីតាំងដីរដ្ឋ ឬដីព្រៃដោយគ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចឡើយ។៤- ម្ចាស់គ្រឿងចក្រទាំងឡាយ មិនត្រូវស៊ីឈ្នួលឈូសឆាយដីរដ្ឋ និងជីព្រៃ ដែលមិនមានលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។
ក្នុងករណីដែលរកឃើញថា មន្ត្រី និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលបានគប់គិតគ្នាដោយផ្ទាល់ ឬ ដោយប្រយោលក្នុងការទន្ទ្រានដីរដ្ឋ ដីព្រៃ ធ្វើជាកម្មសិទ្ធិ ឬប្រព្រឹត្តបទល្មើសផ្សេងៗ ពាក់ព័ន្ធនឹងដីព្រៃ ឬដីរបស់រដ្ឋ នឹងត្រូវទទួលរងការអនុវត្តវិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕
អត្ថបទ៖ ប៊ុត សារុន