សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រកបដោយសុវត្ថិភាព
អារ៉ាប៊ីសាអូឌីត៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រកបដោយសុវត្តិភាព ខណៈសម្ដេចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ រយៈពេលមួយសប្តាហ៍ ពោលពីថ្ងៃទី៨ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
ប្រទេសមជ្ឈិមបូព៌ាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅពេលនេះមានចំនួន៤មានដូចជា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួម។
យន្តហោះពិសេសនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ឃីងខាលីដ កាលពីវេលាម៉ោង១២និង២៣នាទី ម៉ោងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌិត ត្រូវនិងម៉ោង១៦និង២៣នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ (Abdullah Muhamad Ibrahim Al-Sheikh) ប្រធានសភាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ព្រមទាំងឥស្សរជនជាន់ខ្ពស់សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
សូមជម្រាបជូនថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប។
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់អឺរ៉ុប នៅពេលនេះគឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិតិបញ្ញាត្តិរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័ននិតិបញ្ញាត្តិនៃប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
សូមបញ្ជាក់ជូនដែរថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ដោយជើងហោះហើរពិសេសរបស់សម្ដេចតេជោនឹងមកដល់មាតុប្រទេសនៅម៉ោង១អធ្រាត្រ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទ៖ សុភៈនារី