អ្នកម៉ាស្សាពាក់ព័ន្ធនឹងការស្លាប់របស់ តារាចម្រៀងវ័យក្មេងរបស់ថៃ Ping Chayada ចេញមុខស្វែងរកយុត្តិធម៌ដើម្បីស្ដារឈ្មោះ
ថៃឡង់ដ៍៖ នារីម៉ាស្សាម្នាក់ដែលបញ្ចេញត្រឹមតែឈ្មោះ អយ (Aoy) កំពុងព្យាយាមស្នើសុំយុត្តិធម៌ និងសុំឱកាសដើម្បីនិយាយពីរឿងរ៉ាវនេះចេញពីខាងនាងវិញម្តង បន្ទាប់ពីកើតមានករណីពាក់ព័ន្ធនឹងការស្លាប់របស់តារាចម្រៀងថៃ ឆាយ៉ាដា ផ្រាហ៊ុម វ័យ ២០ឆ្នាំ ដែលគេស្គាល់ថា ភីង ឆាយ៉ាដា (Ping Chayada)។
គួររម្លឹកថា ឆាយ៉ាដា ត្រូវគេរាយការណ៍ថា កាលពីខែតុលា បានទទួលសេវាកម្មម៉ាស្សា ៣ដង នៅឯហាងម៉ាស្សាមួយកន្លែង (ម៉ាស្សាលើកទី១ កាលពីថ្ងៃទី៥ ខែតុលា) ក្នុងខេត្តឧត្តរធានី (Udon Thani) ដើម្បីព្យាបាលអាការៈឈឺចុកចាប់កញ្ចឹងក ប៉ុន្តែអាការៈក៏មិនបានប្រសើរឡើយ ដោយបង្កើនភាពឈឺចាប់នៅត្រង់ក ស្មា និងខ្នង ហើយក្រោយមកក្នុងខែវិច្ឆិកា ក៏ចូលសង្គ្រោះបន្ទាន់ រហូតដល់ថ្ងៃទី៨ ខែធ្នូនេះ តារាស្រីវ័យក្មេងឆាយ៉ាដា ក៏បានស្លាប់ ។
ទោះបីជាការធ្វើកោសល្យវិច័យ បញ្ជាក់ថា មរណភាពរបស់ឆាយ៉ាដា មិនមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងការម៉ាស្សាក៏ដោយ ក៏សំណួរនៅតែចោទសួរអំពីវិធីសាស្ត្រម៉ាស្សាកញ្ចឹងករបស់ ឆាយ៉ាដា តាមរយៈការចាប់បង្វិលកខ្លាំងៗជាដើម ។
ងាកមកនារីម៉ាស្សា ដែលមានឈ្មោះអយ ឯណេះវិញ បានបង្ហាញនូវការតក់ស្លុតជាខ្លាំង នៅពេលទទួលបានដំណឹងថា នាងជាអ្នកធ្លាប់ផ្តល់សេវាកម្មម៉ាស្សាដល់តារាចម្រៀងឆាយ៉ាដា។ អយ បានបញ្ជាក់ថា នាងមិនអាចចងចាំអតិថិជនរបស់នាងទាំងអស់នោះទេ ដោយសារតែបញ្ហានោះ បានកើតឡើងជាង២ខែមុនមកម្លេះ។
អយ ថែមទាំងបញ្ជាក់បន្ថែមទៀតថា នាងជាអ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណច្បាស់លាស់ ហើយនាងក៏មិនធ្លាប់មានជាប់ពាក់ព័ន្ធនៅក្នុងស្ថានភាពបែបនេះ ពីមុនមកនោះទេ។ ខណៈនេះ អយ កំពុងព្យាយាមស្វែងរកយុត្តិធម៌ដើម្បីស្ដារឈ្មោះ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលខ្លួនបញ្ជាក់ថា នាងមិនមានកំហុសនោះទេ ។
តាមរយៈការធ្វើកោសល្យវិច័យ បានបង្ហាញថា ឆាយ៉ាដា បានស្លាប់ដោយសារតែឆ្លងមេរោគចូលទៅក្នុងសួត ដោយមិនមានពាក់ព័ន្ធនឹងការម៉ាស្សានោះទេ។ បន្ថែមពីនេះ តាមរយៈការថតស្កេន (MRI) ក៏មិនបានបង្ហាញថា មានការបាក់ឆ្អឹងណាមួយ ដែលអាចបណ្ដាលមកពីការម៉ាស្សានោះដែរ ។
រដ្ឋមន្ត្រីសុខាភិបាលសាធារណៈ លោក សុមសាក់ ថេបស៊ូទីន (Somsak Thepsutin) បានអះអាងថា ការថតស្កេនតាមរយៈបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រទំនើប បញ្ជាក់ហើយថា ការម៉ាស្សា មិនមានជាប់ពាក់ព័ន្ធនឹងមរណភាពរបស់ឆាយ៉ាដា នោះទេ។ លោកបានលើកឡើងផងដែរថា «យើងត្រូវតែធានាយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធ» ។
ទោះជាមានការអះអាងពីមន្ត្រីក្រសួងសុខាភិបាលសាធារណៈក៏ដោយ ក៏ករណីនេះ បានបង្កជាក្ដីព្រួយបារម្ភអំពីឱសថ និងការអនុវត្តម៉ាស្សាបែបបុរាណរបស់ថៃ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីសុខាភិបាល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនុកចិត្តសាធារណៈចំពោះការគ្រប់គ្រងគុណភាព និងបទដ្ឋានសុវត្ថិភាពរបស់ប្រទេសនេះ។
ដោយឡែក ក្រុមគ្រួសាររបស់ឆាយ៉ាដា (Chayada) នឹងរៀបចំពិធីបូជាសពរបស់នាង នៅថ្ងៃពុធនេះ ហើយក្រុមគ្រួសាររបស់តារាស្រីវ័យក្មេងរូបនេះ បានសម្រេចចិត្តថា មិនបន្តការស៊ើបអង្កេតបន្ថែមលើមូលហេតុនៃការស្លាប់របស់នាងនោះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bangkok Post
រូបភាព៖ Bangkok Post/ Dantri/ Others