លោកចូបៃឌិន ជំរុញឱ្យលោកដូណាល់ត្រាំ បោះបង់ចោលផែនការកំណែទម្រង់រដ្ឋាភិបាលនៅឆ្នាំ ២០២៥

សហរដ្ឋអាម៉េរិក៖ កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានថ្លែងជំរុញឱ្យប្រធានាធិបតីទើបជាប់ឆ្នោត លោកដូណាល់ត្រាំ បោះបង់ចោលនូវផែនការកម្មវិធីនយោបាយឆ្នាំ ២០២៥ ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រុមចលនាអភិរក្សនិយម(ស្ថាប័ន-អង្គការ) ដែលមានឈ្មោះថា Project ២០២៥ ដែលមានគោលដៅធើ្វកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធដឹកនាំរដ្ឋាភិបាលរបស់សហរដ្ឋអាម៉េរិក ឱ្យស្របទៅតាមទស្សនគំនិតអភិរក្សនិយមរបស់គណបក្សសាធារណរដ្ឋ។
តាមរយៈផែនការ Project ២០២៥ នេះ គេគ្រោងធើ្វការកាត់បន្ថយបទប្បញ្ញត្តិមួយចំនួនស្តីពីបញ្ហាបរិស្ថានដែលមានលក្ខណៈរឹតបន្តឹងខ្លាំងមកលើដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាម៉េរិក និងលុបចោលនូវកម្មវិធីលើកកម្ពស់ពិពិធកម្មកន្លែងការងារ(បុគ្គលិកចម្រុះសាសន៍) ដែលធ្លាប់ត្រូវបក្សសាធារណរដ្ឋរិះគន់ថា ជានយោបាយខុសឆ្គងដែលជំរុញឱ្យមានកំណើនជនអន្តោប្រវេសន៍ខុសច្បាប់រស់នៅសហរដ្ឋអាម៉េរិក។
ថ្លែងក្នុងឱកាសជួបជុំជាមួយសមាជិកនៃវិទ្យាស្ថានបណ្តុះបណ្តាលផ្នត់គំនិត think tank នៅក្នុងរដ្ឋ Oregon លោកចូបៃឌិនបានបន្តលើកឡើងថា រដ្ឋបាលរបស់លោកបានប្រកាន់ខ្ជាប់នូវវិធីសាស្រ្តសេដ្ឋកិច្ចដែលស្វែងរកការរីកចម្រើនពីក្រោមឡើងទៅលើ ដើម្បីផលប្រយោជន៍សម្រាប់ពលរដ្ឋវណ្ណៈកណ្តាល។
លោកបៃឌិនបានបង្ហាញការទទួលស្គាល់ថា មានពលរដ្ឋអាម៉េរិកជាច្រើននៅតែប្រឈមនឹងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយសារតែបញ្ហាអតិផរណានិងតម្លៃផ្ទះកើនឡើងខ្ពស់។
លោកបៃឌិនបានបន្តគូសបញ្ជាក់ទៀតថា នៅក្នុងការដឹកនាំរយៈពេលប្រមាណ ៥ឆ្នាំរបស់លោកកន្លងមកនេះ លោកបានជួយបង្កើតការងារសរុបជាង ១៦លានកន្លែងសម្រាប់ពលរដ្ឋអាម៉េរិក ខណៈតួលេខនេះ គឺមានកម្រិតខ្ពស់មិនធ្លាប់ក្នុងប្រវត្តិសាស្រ្តមេដឹកនាំរបស់អាម៉េរិក ស្របពេលដែលរបាយការណ៍អ្នកមិនមានការងារធើ្វទៀតសោត ក៏មានកម្រិតទាបមិនធ្លាប់មាននៅរយៈពេល ៥០ឆ្នាំចុងក្រោយ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Others


