តុលាការអាម៉េរិក រាំងខ្ទប់កិច្ចសន្យារួមបញ្ចូលគ្នារវាងក្រុមហ៊ុន Kroger និង Albertsons ក្នុងតម្លៃទឹកប្រាក់ ២៥ពាន់លានដុល្លារ

សហរដ្ឋអាម៉េរិក៖ កាលពីថ្ងៃអង្គារម្សិលមិញ តុលាការអាម៉េរិកបានធើ្វការរារាំងកិច្ចសន្យារួមបញ្ចូលគ្នារវាងក្រុមហ៊ុនខ្សែសង្វាក់គ្រឿងទេសយក្សរបស់អាម៉េរិកមានឈ្មោះថា Kroger ជាមួយនឹងក្រុមហ៊ុនដែលធ្លាប់គូប្រជែង Albertsons នៅក្នុងតម្លៃទឹកប្រាក់ ២៥ពាន់លានដុល្លារ ក្រោយពីមានការប្តឹងជំទាស់ពីខាងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ ហៅកាត់ថា FTC ក្នុងបំណងការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងលើកកម្ពស់តម្លាភាពក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចទីផ្សារ។
ជុំវិញរឿងនេះ គណៈកម្មការ FTC របស់អាម៉េរិកបានលើកឡើងសង្កត់ធ្ងន់នៅឯតុលាការទីក្រុង Portland របស់រដ្ឋ Oregon ថា កិច្ចព្រមព្រៀងរួមបញ្ចូលគ្នារវាងក្រុមហ៊ុនយក្សទាំងពីរខាងលើ នឹងនាំឱ្យតម្លៃគ្រឿងទេសនៅលើទីផ្សារសហរដ្ឋអាម៉េរិកកាន់តែកើនខ្ពស់សម្រាប់អ្នកប្រើប្រាស់ និងកាត់បន្ថយអំណាចផ្នែកសហជីពរបស់បុគ្គលិកនៅតាមបណ្តាសាខាហាងលក់គ្រឿងទេសរបស់ក្រុមហ៊ុននៅថ្ងៃខាងមុខផងដែរ។
ការសម្រេចរាំងខ្ទប់កិច្ចសន្យារួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរដោយតុលាការអាម៉េរិកពេលនេះ គឺជាជោគជ័យសំខាន់មួយសម្រាប់ប្រធានគណៈកម្មការ FTC គឺលោកស្រី Lina Khan ក៏ដូចជាសម្រាប់រដ្ឋបាលរបស់លោក Joe Biden ក្នុងការទប់ស្កាត់កំណើនអតិផរណាទំនិញនៅលើទីផ្សារ ស្របពេលដែលពលរដ្ឋអាម៉េរិកជាច្រើនបានត្អូនត្អែរចំពោះការកើនឡើងនូវតម្លៃគ្រឿងទេសទូទៅនៅតាមហាងលក់ទំនិញ គិតចាប់តាំងពីមានវិបត្តិជំងឺកូវីដ ១៩មក ដែលជាហេតុញាំងឱ្យលោកចូបៃឌិន បាត់បង់ប្រជាប្រិយភាពទៅលើលោកដូណាល់ត្រាំនៅក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។
ពាក់ព័ន្ធនឹងរឿងនេះដែរ នៅថ្ងៃអង្គារដដែលនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Kroger បានកើនឡើងប្រមាណ ៥.៦% ទៅដល់ជាង ៦០ដុល្លារអាម៉េរិកនៅក្នុងមួយហ៊ុន ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុន Albertsons វិញគឺបានធ្លាក់ចុះប្រហែល ៣.៣% មកនៅត្រឹម ១៨ដុល្លារអាម៉េរិកក្នុងមួយហ៊ុន ក្រោយពីមានការប្រកាសរាំងខ្ទប់កិច្ចសន្យារួមបញ្ចូលគ្នារបស់តុលាការ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters



