សមាគមអង្គការមិនមែនរដ្ឋាភិបាល បានថយមកនៅ ត្រឹម៤០០០ ក្នុងឆ្នាំ២០២៣ ក្រោយក្រសួងធ្វើបច្ចុប្បន្នភាព

ភ្នំពេញ៖ លោកឧបនាយរដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ សមាគមអង្គការមិនមែនរដ្ឋាភិបាល ដែលមានបញ្ជីនៅក្នុងប្រព័ន្ធទាំងអស់មានជាងប្រមាណ៧០០០ ប៉ុន្តែបន្ទាប់ពីក្រសួងចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើងវិញថយមកនៅត្រឹមប្រហែលជាង ៤០០០សមាគមអង្គការមិនមែនរដ្ឋាភិបាល ខណៈជាង ៣០០០សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលបានថយនោះ អ្នកខ្លះបិទទ្វា អ្នកខ្លះប្តូរប្រធាន ខ្លះត្រូវបានត្រឡប់ទៅប្រទេសវិញ
លោកឧបនាយរដ្ឋមន្ត្រី ស សុខា បានឱ្យដឹងដូចនេះ ក្នុងពេលបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងមហាផ្ទៃ។ លោកបានអះអាងថា រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃមិនទាន់បានបិទអង្គការសង្គមស៉ីវិលណាមួយទេ ពោលគឺ នៅតែបន្តសហការធ្វើការ គ្រាន់តែហៅមកតម្រង់ទិសទៅតាមលក្ខខណ្ឌ ដែលបានតម្កល់នៅក្រសួងស្ថាប័នដែលពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ។ ក្នុងន័យនេះ ការធ្វើបច្ចុប្បន្នភាពនេះ មិនមែនជាការរឹតបន្តឹងនៃការមិនឲ្យធ្វើសកម្មភាពនានា ដូចដែលសមាគមអង្គការមួយចំនួនបានលើកឡើងនោះទេ ប៉ុន្តែត្រូវការសមាគមអង្គការណា ដែលអាចអភិវឌ្ឍទៅជាមួយគ្នាបាន។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅលើពិភពលោក មិនថានៅតំបន់អាស៊ាន អាស៉ីអ៉ឺរ៉ុប សមាគមអង្គការទាំងអស់តែងតែស្ថិតនៅក្រោមច្បាប់ ហើយបើសិនជាមានសមាគមអង្គការណាដែលនៅក្រៅច្បាប់ អាចប្រាប់មកក្រុមការងារបាន ដើម្បីចុះទៅសិក្សាស្រាវជ្រាវ ក៏ដូចជារៀនបន្ថែម៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា









