ព័ត៌មានជាតិ

កម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញទាក់ទាញវិនិយោគ ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា

image


ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលីបើកកិច្ចប្រជុំដើម្បីពិភាក្សា និងសម្រេចជ្រើសរើសវិស័យអាទិភាពចម្បង សម្រាប់ការរៀបចំយុទ្ធសាស្រ្តជំរុញវិនិយោគ ក្រោមជំនួយបច្ចេកទេសរបស់អូស្រ្តាលី តាមរយៈកម្មវិធី CAPRED។

យុទ្ធសាស្ត្រជំរុញវិនិយោគ នឹងដាក់ចេញសកម្មភាពជាក់លាក់ដែលអាចអនុវត្តបាន ដោយផ្តោតជាចម្បងលើការកំណត់វិស័យអាទិភាព, ការគាំទ្រនិងកិច្ចសម្រួលដល់វិនិយោគិន, ព្រមទាំងការកំណត់គុណតម្លៃច្បាស់លាស់ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាពពីនិន្នាការ ដែលបាន និងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ។

កិច្ចប្រជុំការរៀបចំយុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ និងផែនការសកម្មភាពនេះ ត្រូវបានធ្វើឡើងកាលពីរសៀលទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រា្តលីប្រចាំកម្ពុជា និងសហការី, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប។

លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ដល់កម្មវិធី CAPRED ឱ្យផ្តល់អាទិភាពស្វែងរកព័ត៌មានអំពីក្រុមហ៊ុនសក្ដានុពល ដែលមានបំណងចង់ផ្លាស់ប្ដូរមូលដ្ឋានផលិតកម្មមកកាន់តំបន់អាស៊ាន, ព្រមទាំងសិក្សាស៊ីជម្រៅលើយុទ្ធសាស្រ្តគាំទ្រដល់វិស័យកសិ-ឧស្សាហកម្មកម្ពុជា, និងសាកល្បងសិក្សាសមិទ្ធិលទ្ធភាព ក្នុងការកំណត់យកវិស័យភស្ដុភារកម្ម ជាវិស័យអាទិភាពមួយបន្ថែមទៀត សម្រាប់យុទ្ធសាស្ត្រជំរុញវិនិយោគរយៈពេល ៣ឆ្នាំ។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីចំណាប់អារម្មណ៍លើការសហការរៀបចំយុទ្ធសាស្រ្តនេះជាមួយកម្មវិធី CAPRED ដោយហេតុថា ឯកសារយុទ្ធសាស្ត្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ។

បើតាមលោកស្រីឯកអគ្គរដ្ឋទូតរង មានសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្រ្តវិនិយោគរយៈពេល ៣ឆ្នាំ នឹងក្លាយឯកសារផ្ទៃក្នុងយ៉ាងសំខាន់សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចតម្រង់ទិសការទាក់ទាញវិនិយោគ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់សម្រាប់កម្ពុជា៕
អត្ថបទ៖ ចេង ឆហួត