សង្គម

ប្រទេសកម្ពុជា នឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៩ គឺជាការជំហានដ៏សំខាន់ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាពេលអនាគត

image


ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs)។ ប្រទេសកម្ពុជា នឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។


ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា នៅឆ្នាំ ២០២៩ គឺឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងជោគជ័យយ៉ាងធំធេងនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។


ជាមួយនឹងការនឹងការចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមនឹងបញ្ហាមួយចំនួនដែលនឹងបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម ក៏ប៉ុន្តែវាក៏ជាឳកាសនៃការបើកផ្លូវថ្មីសម្រាប់កំណើនដ៏រឹងមាំ និងភាពធន់រយៈពេលវែង សម្រាប់កម្ពុជា ក៏សាងកេសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។


លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច បានលើកឡើងកាលពីពេលថ្មីៗនេះថា ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងជោគជ័យដ៏ធំធេងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលការចាកចេញនេះនឹងបង្កើតបាននូវរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនឥតឈប់ឈររបស់ប្រទេសកម្ពុជា ដែលជាមោទនភាពជាតិដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


លោករដ្ឋមន្ត្រី បានលើកឡើងថា៖ «ដើម្បីធានាបានថាការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន កម្ពុជាត្រូវអនុវត្តយុទ្ធសាស្ត្រទូលំទូលាយសម្រាប់អន្តរកាលប្រកបដោយចីរភាព ដែលទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរការដោយរលូន ឱ្យបានគ្រប់ជ្រុងជ្រោយ»។


លោករដ្ឋមន្ត្រី បានគូសរំលឹកថា យុទ្ធសាស្ត្រអន្តរការដោយរលូន ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើអាទិភាពគន្លឹះចំនួន៦ គឺ៖

(១) ការពង្រឹង និងពង្រីកមូលធនមនុស្ស (២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច (៣) ការពង្រីកទីផ្សារពាណិជ្ជកម្ម

(៤) ការទាក់ទាញការវិនិយោគបរទេស (៥) ការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង

(៦) ការពង្រឹងយន្តការគាំពារសង្គម។


គួរជម្រាបថា ប្រទេសកម្ពុជា ត្រូវបានចាត់បញ្ចូលជាប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ១៩៩១ និងបំពេញបាននូវលក្ខណៈវិនិច្ឆ័យចាកចេញចំនួន២លើកជាប់ៗគ្នា ដែលវាយតម្លៃដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍នៅឆ្នាំ២០២១ និងឆ្នាំ២០២៤។

ការចាកចេញនេះពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ចំណុច៖ ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថាន។


យោងតាមសំណើ និងសេចក្តីសម្រេចរបស់អង្គ
ការសហប្រជាជាតិ កម្ពុជានឹងត្រូវចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩៕