តួលេខអ្នកស្លាប់របស់ប៉ាឡេស្ទីន ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កើនដល់ ៤៥,២០៦ នាក់
ប៉ាឡេស្ទីន៖ តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារតែការវាយប្រហារដែលកំពុងបន្តអូសបន្លាយរបស់អ៊ីស្រាអែល នៅដែនដីហ្គាហ្សា បានកើនឡើងដល់ ៤៥, ២០៦នាក់ និង ១០៧,៥១២ នាក់ផ្សេងទៀតទទួលរងរបួស ។
ក្រុមអ្នកជួយសង្គ្រោះ បានបញ្ជាក់បន្ថែមទៀតថា កាលពីរសៀលថ្ងៃសុក្រ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើលំនៅដ្ឋានមួយកន្លែង នៅក្នុងជំរុំជនភៀសខ្លួន នូសីរ៉ាត់ (Nuseirat) ស្ថិតនៅកណ្តាលតំបន់ហ្គាហ្សា ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨នាក់ ។
នៅល្ងាចថ្ងៃដដែលនោះ អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសមួយផ្សេងទៀត ទៅលើលំនៅដ្ឋានមួយកន្លែងនៅក្នុងជំរុំចាបាលីយ៉ា (Jabalia) ភាគខាងជើងតំបន់ហ្គាហ្សា បណ្តាលឱ្យមនុស្ស ១០ នាក់ស្លាប់ ក្នុងនោះមានកុមារ ៧ នាក់ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប៉ាឡេស្ទីន ។
ជម្លោះដែលកំពុងបន្ត បានធ្វើឱ្យស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្គាហ្សា ធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងៗ ។
យោងតាមរបាយការណ៍កាសែត Haaretz របស់អ៊ីស្រាអែល បានសរសេរថា ទាហានអ៊ីស្រាអែល បានសារភាពថា មានការកាប់សម្លាប់ជនស៊ីវិលប៉ាឡេស្ទីនដែលគ្មានអាវុធនៅម្តុំច្រករបៀងណេតហ្សារីម (Netzarim) ដោយទទួលបានការបញ្ជាឱ្យសម្លាប់រាល់នរណាដែលចូលទៅជិតច្រករបៀងនោះ ហើយទុកសាកសពជនរងគ្រោះ សម្រាប់ជាចំណីរបស់សត្វសុនខ ទៀតផង ។
របាយការណ៍ដដែលនេះ បានដកស្រង់សម្ដីរបស់មន្ត្រីអ៊ីស្រាអែលមួយរូប ដែលបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនទាំងអស់ដែលត្រូវបានសម្លាប់នៅច្រករបៀងណេតហ្សារីម ត្រូវគេចាត់ទុកថាជាសមាជិករបស់ក្រុមហាម៉ាស។ ក្នុងនោះ ទាហានអ៊ីស្រាអែល អះអាងថា ក្នុងចំណោមយុទ្ធជនដែលស្លាប់ចំនួន ២០០នាក់ មានតែប្រហែល ១០នាក់ប៉ុណ្ណោះជាសមាជិកក្រុមហាម៉ាស។
កាន់តែគួរឱ្យរន្ធត់ជាងនេះទៅទៀត ទាហានអ៊ីស្រាអែល បានចាប់ផ្តើមការប្រកួតប្រជែងក្នុងចំណោមអង្គភាពផ្សេងៗគ្នា ដើម្បីតាមដានមើលថាតើ អ្នកណាអាចសម្លាប់ជនជាតិប៉ាឡេស្ទីនបានច្រើនជាងគេ ។
ដំណាលគ្នានោះ ទាហានមួយចំនួន បានស្តីបន្ទោសមេបញ្ជាការកងពលលេខ ២៥២ ឈ្មោះ យ៉េហ៊ូដា វ៉ាច់ (Yehuda Vach) ចំពោះអំពើដ៏សាហាវឃោរឃៅខាងលើនេះ។ កងពលនេះ កំពុងឈរជើងនៅឯច្រករបៀងណេតហ្សារីម (Netzarim)។
លោកវ៉ាច់ (Vach) ធ្លាប់បាននិយាយជាសាធារណៈថា លោកបានចាត់ទុកមនុស្សទាំងអស់នៅក្នុងតំបន់ហ្គាហ្សា ថាជាភេរវករ។ លោកក៏បានផ្លាស់ប្តូរទីតាំង ឬតំបន់យោធាតាមតែអំពើចិត្ត ហើយបញ្ជាឱ្យបាញ់សម្លាប់អ្នកដែលមានវត្តមាននៅជិតតំបន់នោះជាហូរហែ។
ជុំវិញរឿងរ៉ាវនេះ ទាហានខ្លះ បានព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់លើឬអាជ្ញាធរជាន់ខ្ពស់ដែរ ប៉ុន្តែមិនមានចំណាត់ការអ្វីឡើយ។
ផ្ទុយពីការលើកឡើងទាំងអស់នេះ យោធាអ៊ីស្រាអែល បានច្រានចោលនូវរាល់ការចោទប្រកាន់ ហើយបញ្ជាក់ថា នោះជាការធ្វើទៅតាមផែនការ និងការបញ្ជាតែប៉ុណ្ណោះ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន អាល់ចាហ្សេរ៉ា (Al Jazeera) កាលពីថ្ងៃសុក្រ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Al Jazeera/ Others