ព័ត៌មានអន្តរជាតិ

លោកយាយវ័យ ៩០ឆ្នាំនៅតៃវ៉ាន់ ចូលរួមប្រកួតលើកទម្ងន់ដែលរួមចំណែកដល់ការថែទាំសុខភាព

image


តៃវ៉ាន់៖ អ្នកចូលរួមទស្សនា បាននាំគ្នាអបអរដោយស្រែកហ៊ោកញ្ច្រៀវ នៅពេលលោកយាយ ឆឹងចិន ជីនម៉ី (Cheng Chen Chin-Mei) វ័យ ៩០ឆ្នាំ បានចូលរួមលើកទម្ងន់ ៣៥គីឡូក្រាម យ៉ាងងាយស្រួល ជាមួយនឹងស្នាមញញឹម និងភាពជឿជាក់ទៅកាន់ទស្សនិកជន ។

លោកយាយ គឺជាអ្នកចូលរួមនៅក្នុងចំណោមពលរដ្ឋវ័យចំណាស់ចំនួន ៤៥ នាក់ផ្សេងទៀត នៅក្នុងការប្រកួតលើកទម្ងន់ដ៏ពិសេសមួយដែលធ្វើឡើងនៅក្នុងទីក្រុងតៃប៉ិ កាលពីថ្ងៃទី ២១ ខែធ្នូ ដោយរៀបចំឡើងជាពិសេស សម្រាប់មនុស្សវ័យចំណាស់ ដែលមានអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ ។

ក្រោយរកឃើញថាមានជំងឺប្រព័ន្ធប្រសាទដែលប៉ះពាល់ដល់ការសម្របសម្រួលចលនានៃរាងកាយ លោកយាយ ឆឹងចិន បានរកឃើញអត្ថប្រយោជន៍ពីការហ្វឹកហាត់ទម្ងន់ ដែលជួយកែលម្អដល់ចលនាអវយវៈរបស់លោកយាយ និងក្រោយទទួលបានការលើកទឹកចិត្តពីចៅស្រី រហូតជំរុញឱ្យលោកយាយចូលរួមក្នុងការលើកទម្ងន់យ៉ាងសកម្ម ចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ ។

បន្ទាប់ពីការប្រកួតដែលមាន ៣ជុំ ជាមួយនឹងការលើកទម្ងន់ ៣៥គីឡូ ៤០គីឡូ និង៤៥គីឡូ លោកយាយ បានលើកទឹកចិត្តឱ្យមនុស្សវ័យចំណាស់ផ្សេងៗទៀត ចូលរួមក្នុងសកម្មភាពធ្វើលំហាត់ប្រាណជាប្រចាំបែបនេះ ដោយសង្កត់ធ្ងន់ថា មិនចាំបាច់ទាល់តែប្រឹងធ្វើលំហាត់ប្រាណខ្លាំងពេកនោះទេ ធ្វើលំហាត់ប្រាណស្រាលៗល្មមៗ ក៏អាចជួយកែល្អសុខភាពរបស់យើងបានដែរ។ លោកយាយបានបញ្ជាក់ថា ការហាត់ប្រាណ បានជួយព្យាបាលបញ្ហាសុខភាពរបស់លោកយាយក្នុងរយៈពេលវែង ។

ក្រុមហ៊ុន LKK Wellness ដែលរៀបចំការប្រកួតនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានគោលបំណងជួយគាំទ្រប្រជាជនដែលមានវ័យចំណាស់ក្នុងទីក្រុងតៃប៉ិ ដោយបន្ថែមថា អ្នកចូលរួមវ័យចំណាស់ អាចទទួលបាននូវតុល្យភាពសាច់ដុំក្នុងរាងកាយ និងកាត់បន្ថយហានិភ័យពីការរអិលដួល តាមរយៈការធ្វើលំហាត់ប្រាណដោយលើកទម្ងន់ជាប្រចាំ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ អាជ្ញាធរលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ស្ថិតនៅក្រោមក្រសួងសុខាភិបាល បាននិយាយថា រដ្ឋបាលតៃវ៉ាន់ បានបង្កើតមជ្ឈមណ្ឌលហាត់ប្រាណ ជាមួយនឹងឧបករណ៍កីឡាដែលសមស្របសម្រាប់ប្រជាជនវ័យចំណាស់នៅទូទាំងកោះនេះ ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ មានលទ្ធភាពចូលរួមឱ្យបានសកម្ម និងជាប្រចាំ ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិនៅក្នុងខែតុលា ព្យាករណ៍ថា តៃវ៉ាន់ នឹងក្លាយជា សង្គមសម្បូរដោយមនុស្សវ័យចំណាស់ នៅឆ្នាំ ២០២៥ ដោយមានពលរដ្ឋវ័យចំណាស់យ៉ាងហោចណាស់ ២០% ក្នុងចំណោមប្រជាជនសរុបចំនួន ២៣ លាននាក់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Reuters Connect