កសិករនៅខេត្តព្រះវិហារ ផលិតដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី សរីរាង្គច្រើនជាងគេ និងកំពុងមានទីផ្សារខ្ពស់ នៅសហរដ្ឋអាមេរិក និងអឺរ៉ុប
ព្រះវិហារ៖ ខេត្តព្រះវិហារ មានសក្តានុពលធ្វើកសិកម្មសរីរាង្គ ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដើម្បីឆ្លើយតបនឹងបម្រូវការផលិតផលដែលមានគុណភាព និងតម្លៃខ្ពស់ នៅលើទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិក។ នេះបើយោងតាមការឱ្យដឹងពី លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វែងយល់កសិអេកូឡូស៊ី របស់ក្រុមអ្នកសារព័ត៌មាននៅខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
លោក ពឹង ទ្រីដា បានបញ្ជាក់ថា ខេត្តព្រះវិហារជាខេត្តដែលមានសក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាខេត្តផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេនៅកម្ពុជា ខណៈបច្ចុប្បន្នបានកើនឡើងដល់ជិត ៥ពាន់គ្រួសារ នៅលើផ្ទៃដីប្រមាណជាង ២ម៉ឺនហិកតា ក្នុងនោះមានដំណាំស្រូវ ដំឡូង ចន្ទី កៅស៊ូ សណ្តែកដី និងដំណាំផ្សេងៗទៀត ដែលផ្សាភ្ជាប់ទៅក្រុមហ៊ុន ដែលជាតម្រូវការផលិតផលដែលមានគុណភាព និងជាផលិតផលសរីរាង្គ។
លោកប្រធានមន្ទីរកសិកម្ម បានពន្យល់ថា ការដាំដុះដំណាំសរីរាង្គ មិនមែនមានន័យថា មិនប្រើប្រាស់ជីនោះទេ ប៉ុន្តែប្រើប្រាស់ទៅតាមបច្ចេកទេសកសិកម្ម ដើម្បីបង្កើនទិន្នផល បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលជាអ្នកផលិត។ កាលពីឆ្នាំ២០១៣ អ្នកដាំដំណាំសេរីរាង្គមានតែប្រមាណតែ ១០០គ្រួសារប៉ុណ្ណោះ ដែលប្រមូលមិនបាន ១០០០តោននោះទេ សម្រាប់នាំចេញទៅទីផ្សាអឺរ៉ុប ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំប្រជាកសិករបានយល់ថា ការដាំដំណាំសរីរាង្គ មានគុណតម្លៃ និងចំណេញច្រើនជាងការប្រើប្រាស់ជីគីមី ហើយពួកគាត់អាចធ្វើបាន ដោយគ្រាន់តែចុះកិច្ចសន្យា និងអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុនដែលទទួលទិញផលដំណាំប៉ុណ្ណោះ។ បច្ចុប្បន្ន ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ បានដាំដំណាំសរីរាង្គមានពី ១០០គ្រួសារ បានកើនដល់ជិត ៥ ០០០គ្រួសារ នៅលើផ្ទៃដីពី ៣០០ហិកតា បានកើនដល់ជាង ២ម៉ឺនហិកតា។
សូមបញ្ជាក់ថា ការធ្វើកសិកម្មសរីរាង្គរបស់កសិករនៅខេត្តព្រះវិហារ ដោយមានការគាំទ្រពីគម្រោង ASSET ដែលគាំទ្រ និងជំរុញបន្តការធ្វើប្រពលវប្បកម្មផ្អែកលើគោលការណ៍កសិអេកូឡូស៊ី ដើម្បីឱ្យប្រព័ន្ធស្បៀងអាហារ និងកសិកម្មមាននិរន្តរ៍ភាព សុវត្ថិភាព និងបរិយាប័ន្ន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាមន្ទីរកសិកម្ម និងរដ្ឋបាលខេត្ត ក្នុងការបង្កើនផលិតភាពដំណាំ កាត់បន្ថយចំណាយ បង្កើនប្រាក់ចំណេញ ពង្រឹងសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការទទួលបានទីផ្សារត្រឹមត្រូវ និងការក្សាតម្លៃទីផ្សារ តាមរយៈកសិកម្មកិច្ចសន្យា ព្រមទាំងការថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាដល់ការរស់នៅ និងភាពរីកចម្រើនក្នុងជីវភាពរបស់កសិករ។
ដោយមើលឃើញពីគុណតម្លៃរបស់ដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី មន្ទីកសិកម្មខេត្តព្រះវិហារ បានបង្កើនការផ្សព្វផ្សាយ និងជំរុញការដាំដុះតាមបែបសរីរាង្គថែមទៀត ដើម្បីឱ្យខេត្តព្រះវិហារក្លាយជាខេត្តសរីរាង្គបានឆាប់រហ័ស និងធានាទីផ្សារផលិតផលជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
យោងតាមរបាយការណ៍មន្ទីរកសិកម្មខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្នវិស័យសិកម្ម បានរួមចំណែកចំណែកសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយក្នុងឆ្នាំ២០២៤ ខេត្តព្រះវិហារ បាននាំចេញស្រូវទៅកាន់ទីផ្សារក្រៅប្រទេស ជាង ២០ម៉ឺនតោន ក្នុងតម្លៃជាង ៦០លានដុល្លារ។ ចំពោះដំឡូងមីវិញ បច្ចុប្បន្នខេត្តមានផ្ទៃដីដាំដុះជាង ៥ម៉ឺនហិកតា បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស គិតជាទឹកប្រាក់ប្រមាណ ៧០លានដុល្លារ។ និងដំណាំស្វាយចន្ទី បាននាំចេញទៅកាន់ទីផ្សារបរទេស បានប្រមាណ ៤០លានដុល្លារ ផងដែរ។
ក្រៅពីដំណាំទាំង ៣មុខខាងលើ ខេត្តព្រះវិហារ ក៏មានដំណាំជាច្រើនទៀតផងដែរ ដូចជា ល្ពៅ កៅស៊ូ(ផ្ទៃដីដាំដុះចំនួនជាង ៣ម៉ឺនហិកតា) និងដំណាំចេក (ជិត១ម៉ឺនហិកតា) ក៏បានកំពុងឆ្លើយតបទីផ្សារក្នុងស្រុក និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករក្នុងខេត្តផងដែរ៕