មេដឹកនាំថ្មីរបស់ស៊ីរី ឈានដល់កិច្ចព្រមព្រៀងបង្រួបបង្រួមក្រុមឧទ្ទាម ឱ្យស្ថិតនៅក្រោមក្រសួងការពារជាតិ
ស៊ីរី៖ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលថ្មី បានឱ្យដឹងថា មេដឹកនាំចាំផ្ទះរបស់ស៊ីរី លោក អាម៉េដ អាល់ សារ៉ា (Ahmed Al Sharaa) កាលពីថ្ងៃអង្គារ បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយអតីតមេដឹកនាំក្រុមឧទ្ទាម ដើម្បីបង្រួបបង្រួមក្រុមទាំងអស់ ឱ្យស្ថិតនៅក្រោមក្រសួងការពារជាតិតែមួយ។
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលចាំផ្ទះ លោក ម៉ូហាម៉េដ អាល់បាស៊ើរ (Mohammed al-Bashir) បានប្រកាសថា ក្រសួងការពារជាតិ នឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយនឹងបង្រួបបង្រួមអតីតក្រុមឧទ្ទាម និងមន្ត្រីក្រោមរបបដឹកនាំរបស់លោក បាសារ អាល់អាសាធ (Bashar al-Assad) ដែលធ្លាប់បានរត់ចោលជួរកងទ័ព ឱ្យមកបន្តកិច្ចការរួមគ្នាសារជាថ្មី ។
ឥឡូវនេះ លោកសារ៉ា (Shara) កំពុងតែប្រឈមមុខនឹងបញ្ហាលំបាកៗក្នុងការទប់ស្កាត់ជម្លោះរវាងក្រុមផ្សេងៗគ្នាជាច្រើន។ រដ្ឋាភិបាលថ្មីរបស់ស៊ីរី បានតែងតាំងរដ្ឋមន្ត្រីការពារជាតិបណ្ដោះអាសន្ន លោក មូហាហ្វ អាប៊ូ ខាស្រា (Murhaf Abu Qasra) ជាឥស្សរជនដ៏លេចធ្លោមួយរូប ដែលចូលរួមនៅក្នុងការបះបោរ រហូតឈានដល់ការផ្ដួលរំលំរបបដឹកនាំរបស់លោក បាសារ អាល់អាសាធ (Bashar al-Assad) ។
ទោះជាបែបណាក្ដី ជនជាតិដើមភាគតិច និងក្រុមសាសនាចម្រុះនៅក្នុងប្រទេសស៊ីរី រួមមានទាំងជនជាតិឃឺដ (Kurds) និងស៊ីអ៊ីត (Shi'ites) បានបង្ហាញនូវក្ដីព្រួយបារម្ភ អំពីបញ្ហានានា ដែលអាចនឹងកើតមានឡើងនៅក្រោមការគ្រប់គ្រងរបស់ក្រុមអ៊ីស្លាមនិកាយស៊ុននី។ ក្នុងចំណោមក្រុមសាសនាចម្រុះ ក៏រួមមាន ជនជាតិស៊ីរីកាន់សាសនាគ្រិស្ត ក្រិក និងអាមេនី រួមទាំងគ្រិស្តសាសនិកនិកាយអូស្សូដក់ ក៏ដូចជាសហគមន៍ទ្រូហ្ស (Druze) ផងដែរ ។
ទន្ទឹមនឹងនោះ លោកសារ៉ា (Sharaa) បានធ្វើការធានាអះអាងចំពោះមន្ត្រីលោកខាងលិចថា ក្រុមអ៊ីស្លាមនិយម ហាយ៉ាត់ តាហ៍រើ អាល់សាម (Hayat Tahrir al-Sham) ហៅកាត់ថា HTS ដែលកំពុងគ្រប់គ្រងប្រទេស និងធ្លាប់មានទំនាក់ទំនងជាមួយក្រុមអាល់កៃដាផងនោះ នឹងមិនស្វែងរកនូវគំនុំសងសឹកប្រឆាំងនឹងអតីតរបបមុនឡើយ ហើយក៏មិនមានការគាបសង្កត់ចំពោះជនជាតិដើមភាគតិច ឬអ្នកកាន់សាសនាណាមួយនោះទេ ។
គួររម្លឹកថា ក្រុមឧទ្ទាមស៊ីរី បានជោគជ័យក្នុងការកាន់កាប់រដ្ឋធានីដាម៉ាស កាលពីថ្ងៃទី ៨ ខែធ្នូ ដោយបានបង្ខំឱ្យលោកអាសាធ (Assad) រត់ភៀសខ្លួន បន្ទាប់ពីបង្កសង្គ្រាមស៊ីវិលជាង ១៣ ឆ្នាំ ហើយជោគជ័យរបស់ក្រុមឧទ្ទាម ក៏បានបញ្ចប់នូវការគ្រប់គ្រងប្រហែល ៥សតវត្សរ៍របស់ក្រុមគ្រួសារអាសាធ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters