សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងពង្រឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក រវាងប្រទេសកម្ពុជា និងវៀតណាម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងពង្រឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេសការធ្វើដំណើរតាមផ្លូវគោក រវាងប្រទេសកម្ពុជា និងវៀតណាម។
ការជំរុញនេះ បានធ្វើឡើងខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ នៅវិមានព្រឹទ្ធសភា ។
ក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា នាពេលកន្លងមក ជាពិសេស កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវៀតណាម, ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម នៅកម្ពុជា, គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៅវៀតណាម និងចូលរួមបុណ្យសពថ្នាក់ដឹកនាំវៀតណាម ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំវៀតណាម ចូលរួមក្នុងមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ។
សម្តេចតេជោ បានបង្ហាញក្តីរីករាយដោយបានឃើញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ដែលជាកត្តាសត្យានុម័ត។ ប្រសិនបើគ្មានមានការគាំទ្រពីទំនាក់ទំនងសេដ្ឋកិច្ចទេ ទំនាក់ទំនយោបាយ ក៏មិនអាចរឹងមាំដែរ ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចគាំទ្រដល់ទំនាក់ទំនងនយោបាយ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរ គួរបន្តខិតខំប្រឹងប្រែងពង្រឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេស ការធ្វើដំណើរតាមផ្លូវគោក។
សម្តេចតេជោបានបន្ថែមថា ក្នុងរយៈពេល៥៧ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអស់៤៥ឆ្នាំ និងបានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងនូវសេចក្តីដឹងគុណផងដែរចំពោះសម្តេចតេជោ ដែលបានគាំទ្រដល់រូបលោកផ្ទាល់ ក្នុងរយៈពេល៤៤ឆ្នាំ កន្លងមកនេះ និងជាពិសេសក្នុងរយៈពេលដែលលោកជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ទទួលបានជោគជ័យ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ដែលបានផ្តល់គ្រឿងឥស្សរិយយសជូនលោក ដែលនេះ គឺជារង្វាន់ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានសម្រាប់រូបលោក ក៏ដូចជាស្ថានទូតវៀតណាម។
លោក បានលើកឡើងថា ក្នុងនាមជាជនជាតិវៀតណាមម្នាក់ លោកឯកអគ្គរដ្ឋទូត មានសេចក្តីសោមនស្សរីករាយជាអតិបរមាដែលបានចូលរួមចំណែកផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំចុងក្រោយនេះ។
លោកទូត ក៏បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជបូជនីយកិច្ចប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនជាស្នូល ដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងបានពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។
លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបើកទូលាយ ដែលបាននំាមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ។
លោកឯកអគ្គរដ្ឋទូត បានបន្តជម្រាបជូន សម្តេចតេជោ ថា លោក មានសេចក្តីសប្បាយរីករាយ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៥៧ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើនយ៉ាងល្អប្រសើរឥតឈប់ឈរលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញាធរតាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសយើងទាំងពីរ។
លោកទូត មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងគណបក្សកុម្មុយនីស្តវៀតណាម ដែលមានលោក តូ ឡឹម ជាប្រធាន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានជូនពរលោកឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងភារកិច្ច និងនាឱកាសចូលឆ្នាំថ្មីឆ្នាំសកល និងចូលឆ្នាំប្រពៃណីវៀតណាមនាពេលដ៏ខ្លីខាងមុខនេះ ទទួលបានពរជ័យសិរីសួស្តី និងសុភមង្គល ជូនចំពោះ ឯកឧត្តម ក្រុមគ្រួសារ សហការី និងថ្នាក់ដឹកនាំវៀតណាមទាំងអស់។
សូមបញ្ជាក់ថា មុនជំនួបនោះ ក្នុងព្រះបរមនាម ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា មុនពេលដែលលោកឯកអគ្គរដ្ឋទូត ចាកចេញពីកម្ពុជា៕