ព័ត៌មានអន្តរជាតិ

កងទ័ពរំដោះប្រជាជនចិន PLA ជាច្រើនអង្គភាព បានចាប់ផ្តើមសកម្មភាពហ្វឹកហាត់ប្រចាំឆ្នាំ សម្រាប់ឆ្នាំ ២០២៥

image


ចិន៖ កងទ័ពរំដោះប្រជាជនចិន (PLA) បានចាប់ផ្តើមសកម្មភាពហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៥ ដោយផ្តោតលើសមយុទ្ធដែលលុតដំសមត្ថភាពឱ្យបានខ្ពស់នៅគ្រប់អង្គភាព ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធសម្រាប់ស្ថានការណ៍ពិតប្រាកដណាមួយ។

ការបណ្ដុះបណ្ដាលទាំងនោះ រួមមានទាំង សេណារីយ៉ូជាក់ស្ដែង ដើម្បីបង្កើនភាពឈ្លាសវៃរបស់យោធា ក្នុងការសម្របសម្រួលស្ថានការណ៍ ក៏ដូចជាបង្កើនជំនាញប្រយុទ្ធ និងសមត្ថភាពឆ្លើយតបក្នុងគ្រាអាសន្ន។ សមយុទ្ធនេះ មានគោលបំណងធានាថា កងទ័ពរំដោះ PLA បាននិងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមនៅក្នុងបញ្ហា និងឈ្នះការប្រយុទ្ធទាំងឡាយ ។

សមយុទ្ធដ៏សំខាន់នេះ បានធ្វើឡើងនៅឯមូលដ្ឋានហ្វឹកហ្វឺនដែលមានកម្ពស់ខ្ពស់ជាង ២,៨០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ជាមួយនឹងការដាក់ពង្រាយនូវយុទ្ធោបករណ៍ផ្សេងៗរបស់កងពលតូចនៃកងពលលេខ ៧៦ ក្នុងគោលបំណងជួយកែលម្អសមត្ថភាពរបស់ទាហាន ក្នុងការដោះស្រាយសម្រាប់គ្រាអាសន្ន នៅក្នុងបរិយាកាសដ៏អាក្រក់ និងមានអុកស៊ីសែនទាប ។

ទន្ទឹមនឹងនេះ កងទ័ពជើងទឹក ក៏បានធ្វើការហ្វឹកហ្វឺនតម្រង់ទិសប្រយុទ្ធ ដោយមានកងនាវាមុជទឹកមកពីកងនាវាចរនៃកងបញ្ជាការទ័ពជើងទឹកភាគខាងត្បូង សម្រាប់ចូលរួមវាយប្រហារក្រោមទឹក និងសមយុទ្ធការពារខ្លួន។ គេបានចរនា លំហាត់សមទាំងនេះឡើងមក ដើម្បីជាការសាកល្បង និងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងនាវាមុជទឹក និងសមត្ថភាពរបស់កងនាវិក ប្រសិនបើស្ថិតនៅក្នុងប្រតិបត្តិការ ដែលមានបរិយាកាសស្មុគស្មាញ ។

ក្នុងពេលដំណាលគ្នា កងទ័ពអាកាស បានធ្វើការហ្វឹកហ្វឺនរួមគ្នាជាមួយកងកម្លាំងមីស៊ីល និងក្រុមបញ្ជាប្រព័ន្ធរ៉ាដា។ ការហ្វឹកហ្វឺននេះ ផ្តោតលើបរិយាកាសសមរភូមិជាក់ស្តែង ដើម្បីពង្រឹងជំនាញក្នុងការប្រយុទ្ធតាមអាកាស ការគាំទ្រគ្នាយ៉ាងជិតស្និទ្ធតាមអាកាស និងការវាយលុកលើដី ដោយមានយន្តហោះចម្បាំង J-១៦ ដឹកនាំសមយុទ្ធនៅឯមូលដ្ឋានទ័ពអាកាសនៃបញ្ជាការភាគខាងកើត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ China Daily/ Global Times/ China Military/ Others