សង្គម

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសាសនិកឥស្លាមរៀបចំការប្រកួតបាល់ទាត់ដើម្បីអបអរសាទរជ័យជន្នះ៧មករា

image


កំពត៖ កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានខេត្តកំពត មានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ ក្រោមវត្តមាន លោក សេន ណាស៊ី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសាសនិកឥស្លាមខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។ ថ្នាក់ដឹកនាំ កីឡាករ និងអ្នកគាំទ្របញ្ជាក់ថាការប្រកួតនេះជាសាររំលឹកដល់ពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចងចាំថ្ងៃ ៧មករា។


លោក ម៉ាត់ សេត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសាសនិកឥស្លាមខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយសាសនិកឥស្លាមខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ បានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងបួនសំខាន់ៗ ទី១. ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ជាការរំលឹកដឹងគុណនូវចំពោះការលះបង់របស់កម្មាភិបាលជំនាន់មុន ពិសេសគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងថ្នាក់ដឹកនាំទាំងអស់ ទី២. កៀងគរ ជំរុញយុវជនឱ្យលេងកីឡាដើម្បីសុខភាព និងជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសង ទី៣. ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តកំពត និងទី៤ បង្កើនចំណងមិត្តភាព ភាតរភាពកាន់តែស្និតស្នាលរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ក៏ដូចជាយុវជន និងយុវជនរវាងខេត្តនីមួយៗផង។


ក្រុមកីឡាករបាល់ទាត់បានបង្ហាញអារម្មណ៍សប្បារយរីករាយ ដែលថ្នាក់ដឹកនាំបានបង្កើតកម្មវិធីប្រកួតនេះឡើង ក្នុងគោលបំណងដើម្បីរំលឹកដល់ថ្ងៃ ជ័យជម្នះ ៧មករា ផង និងដើម្បីបានជួបជុំគ្នាលេងកីឡាដើម្បីសុខភាព និងមិត្តភាពផង។ ក្រុមកីឡាករបានបន្តថា ប្រសិនបើប្រទេសកម្ពុជាគ្មានថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ក៏យើងមិនមានថ្ងៃនេះដែរ ព្រោះថ្ងៃ ៧មករានេះបានធ្វើឱ្យយើងមានសន្តិភាព ដែលសន្តិភាពនេះទៀតសោតគឺរកមកដោយលំបាក ដោយការលះបង់សាច់ស្រស់ ឈាមស្រស់របស់កម្មាភិបាលជំនាន់មុន ពិសេសគឺការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការយកសន្តិភាពមកជូនជាតិ ជូនប្រជាជន ហើយសន្តិភាពនេះហើយបានធ្វើឱ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍលើគ្រប់វិស័យ។


ចំណែកអ្នកដែលមកចូលរួមគាំទ្រ និងលើកទឹកចិត្តក្រុមកីឡាករ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះការផ្តួចផ្តើមរៀបចំការប្រកួតបាល់ទាត់នេះឡើង ដោយលើកឡើងថាវាល្អ និងសំខាន់សម្រាប់យុវជនដែលត្រូវចូលរួមអបអរសាទរ និងដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រលៃពូជសាសន៍ប៉ុលនៅថ្ងៃ៧ មករា ១៩៧៩។


ក្នុងការប្រកួតបាល់ទាត់ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា នេះ មានក្រុមចំនួន៤ដែលបានមកចូលរួមប្រកួត ក្នុងនោះ ខេត្តកំពតមាន ២ក្រុម កែបមាន ១ក្រុម និងខេត្តព្រះសីហនុមាន ១ក្រុម ដើម្បីជ្រើសរើសយកចំណាត់ថ្នាក់លេខ១ និងលេខ២។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ចំណាត់ថ្នាក់លេខ១ បានទៅក្រុមបាល់ទាត់កំពត២ ដោយទទួលបានពានរង្វាន់១ និងថវិកាចំនួន ២.០០០.០០០រៀល រីឯចំណាត់ថ្នាក់លេខ២ បានទៅក្រុមបាល់ទាត់កំពត១ ទទួលបានថវិកាចំនួន ១.៥០០.០០០រៀល ចំណែកក្រុមពុំទទួលបានជ័យលាភី ក្នុងមួយក្រុមៗទទួលបានថវិកាឧត្ថម្ភចំនួន ១.០០០.០០០រៀលផងដែរ៕


អត្ថបទ៖ វង្ស សុធារម្យ