ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បង្ហាញការភ្ញាក់ផ្អើលខ្លាំង ចំពោះវត្តមាននាវាឆ្មាំសមុទ្រយក្សរបស់ចិន នៅតំបន់វិវាទសមុទ្រចិនខាងត្បូង

image


ហ្វីលីពីន៖ នៅថ្ងៃអង្គារ ទី១៤ ខែមករាម្សិលមិញ កងឆ្មាំសមុទ្ររបស់ប្រទេសហ្វីលីពីន បានចោទប្រកាន់ប្រទេសចិន ថាមានបំណងបង្កការបំភិតបំភ័យដល់ក្រុមអ្នកនេសាទហ្វីលីពីន នៅឯតំបន់ដែនទឹកវិវាទនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីចិនបានបញ្ជូននាវាឆ្មាំសមុទ្រដ៏ធំបំផុតរបស់ខ្លួនមកកាន់តំបន់ដែនសមុទ្រ ដែលប្រទេសហ្វីលីពីនអះអាងថា ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។

ការបញ្ជូននាវាខ្នាតយក្សរបស់ចិនមកកាន់តំបន់វិវាទនៅសមុទ្រចិនខាងត្បូងនាពេលនេះ កើតឡើងស្របពេលស្ថានការណ៍ទំនាក់ទំនងរវាងចិននិងហ្វីលីពីន កំពុងមានភាពតានតឹងខ្លាំងនៅរយៈពេល ២ឆ្នាំចុងក្រោយនេះ ដែលផ្តើមចេញពីការទាមទារសិទ្ធិគ្រប់គ្រងផ្ដាច់មុខនូវតំបន់ដែនទឹកដ៏មមាញឹកនៅសមុទ្រចិនខាងត្បូង។

គួរជម្រាបថា កាលពីដើមខែមករាថ្មីៗនេះ ប្រទេសហ្វីលីពីន ធ្លាប់បានធើ្វការតវ៉ាប្រឆាំងនឹងប្រទេសចិនម្តងរួចមកហើយ ចំពោះការបន្តបញ្ជូននាវាចូលមកតំបន់ដែនសមុទ្រសេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន ដែលមានរយៈចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រពីដីគោក។ ករណីចុងក្រោយគេនេះ គឺជាកប៉ាល់ឆ្មាំសមុទ្រខ្នាតយក្សរបស់ចិនប្រភេទ CCG5901 ដែលមានប្រវែង ១៦៥ម៉ែត្រ និងមានរហ័សនាមថា ”នាវាបិសាច” ត្រូវគេប្រទះឃើញស្ថិតនៅចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខេត្ត Zambales ភាគលិចប្រទេសហ្វីលីពីន។

ពាក់ព័ន្ធនឹងបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូងនេះដែរ ត្រូវគេមើលឃើញថា កើតចេញពីការបន្តទាមទារសិទ្ធិគ្រប់គ្រងផ្ដាច់មុខរបស់ចិន ទៅលើតំបន់ដែនទឹកដែលត្រួតស៊ីគ្នាជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់ ដោយរួមមានប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ក្រោយពីតុលាការអន្តរជាតិបានប្រកាសបដិសេធការទាមទាររបស់ចិនកាលពីឆ្នាំ ២០១៦កន្លងទៅ ស្របពេលតំបន់ដែនសមុទ្រមួយនេះ ត្រូវគេចាត់ទុកថាជាច្រកដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់ ដែលមានទំហំទឹកប្រាក់ប្រមាណជា ៣ពាន់ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ AP/ AFP