សង្គម

តើមានកត្តាអ្វីខ្លះ ដែលនាំឲ្យខេត្តកំពង់ស្ពឺ ក្លាយជាគោលដៅវិនិយោគកំពូលរបស់កម្ពុជា ប្រចាំឆ្នាំ ២០២៤?

image


ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅវិនិយោគឈានមុខគេនៅកម្ពុជា ដោយទទួលបានចំនួនគម្រោងខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលត្រូវបានអនុម័តទូទាំងប្រទេស ខេត្តកំពង់ស្ពឺបានទាក់ទាញគម្រោងចំនួន ៩៣ ដែលឈរនៅលំដាប់កំពូល និងបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចដែលកំពុងកើនឡើង។

ទីតាំងលេចធ្លោរបស់ខេត្តកំពង់ស្ពឺ បង្ហាញពីការទាក់ទាញចំពោះឧស្សាហកម្មដែលកំពុងស្វែងរកភាពជិតទីក្រុងភ្នំពេញ ការចូលទៅកាន់បណ្តាញដឹកជញ្ជូនសំខាន់ៗ និងកម្លាំងពលកម្មជំនាញ។ ការវិនិយោគត្រូវបានរំពឹងថា នឹងជំរុញការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត និងរួមចំណែកដល់ការអភិវឌ្ឍជារួមរបស់ប្រទេសកម្ពុជា។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធិផលនេះ ដោយបានឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ដែលជាវិធីសាស្ត្រ «ទាក់ម៉ូយវិនិយោគ» របស់សម្តេច។

លោកបានសង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងភាពធន់ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា បានជំរុញទំនុកចិត្តវិនិយោគិន។

លោកអភិបាលបានបន្តថា ក្នុងនាមជាអភិបាលខេត្ត លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកមកកាន់ខេត្តកំពង់ស្ពឺ ក្នុងគោលដៅបង្កើតការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ដែលឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានលើកឡើងអំពីសក្តានុពលជាយុទ្ធសាស្ត្ររបស់ខេត្តកំពង់ស្ពឺ រួមមាន៖ នៅជិតរាជធានីភ្នំពេញ, កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ, កំពង់ផែភ្នំពេញ និងកំពង់ផែទឹកជ្រៅខេត្តកោះកុង ព្រមទាំងនៅជិតព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងបញ្ចប់ក្នុងនាពេលខាងមុខ។ កត្តាទាំងនេះ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងមធ្យោបាយធ្វើដំណើរងាយស្រួល ធ្វើឱ្យកំពង់ស្ពឺក្លាយជាគោលដៅសំខាន់សម្រាប់អ្នកវិនិយោគ។

លោកអភិបាលខេត្ត មានសុទិដ្ឋនិយមថា នៅឆ្នាំ ២០២៥នេះ ខេត្តកំពង់ស្ពឺរំពឹងថា នឹងបន្តក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគ ខណៈមានវិនិយោគិនចិនជាច្រើនបាន និងកំពុងបង្ហាញពីបំណងពង្រីកអាជីវកម្ម និងវិនិយោគនៅក្នុងខេត្តនេះ។

បច្ចុប្បន្នខេត្តកំពុងស្ពឺ មានរោងចក្រ-សហគ្រាសជាង ៤០០កន្លែង កំពុងប្រតិបត្តិការអាជីវកម្ម ដែលបានបង្កើតការងាររាប់សែនកន្លែង ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺខេត្តនេះ ក៏បានស្រូបទាញកម្លាំងពលកម្មពីបណ្តាខេត្តជុំវិញផងដែរ។

ខណៈដែលកំពង់ស្ពឺនាំមុខគេនោះ ខេត្តផ្សេងទៀតដូចជា ស្វាយរៀង រាជធានីភ្នំពេញ ព្រះសីហនុ និងតាកែវ ក៏បានបង្ហាញពីលទ្ធផលគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលពង្រឹងជំហររបស់កម្ពុជាបន្ថែមទៀតជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគនៅឆ្នាំ ២០២៤។

ក្នុងនោះខេត្តស្វាយរៀង មាន ៧២គម្រោង, រាជធានីភ្នំពេញ មាន ៥២គម្រោង, ព្រះសីហនុមាន ៥១គម្រោង និងខេត្តតាកែវ មាន ៤៣គម្រោង។ ខេត្តផ្សេងទៀត រួមមាន៖ កណ្តាល កោះកុង កំពង់ចាម កំពង់ឆ្នាំង និងខេត្តផ្សេងទៀត ក៏បានទាក់ទាញសកម្មភាពវិនិយោគសំខាន់ៗផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង ក្នុងឆ្នាំ ២០២៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានជិត ៣២ម៉ឺនកន្លែងនៅទូទាំងប្រទេស។

តួលេខនេះ បានកើនឡើងចំនួន ១៤៦គម្រោង និងដើមទុនវិនិយោគជិត ២ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលស្មើនឹងកំណើន ៤០% បើធៀបឆ្នាំ ២០២៣។ ការកើនឡើងនេះបង្ហាញពីការទាក់ទាញកាន់តែខ្លាំងឡើងរបស់កម្ពុជាចំពោះអ្នកវិនិយោគលើវិស័យផ្សេងៗ៕

អត្ថបទ៖ សៀម ប៊ុនធី