សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្យាករថា តម្លៃសាច់ជ្រូក មាន់ ទា នឹងអាចហក់ឡើងបន្តិចបន្តួច នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា តម្លៃសាច់ជ្រូក មាន់ ទា នឹងអាចមានការកើនឡើងបន្តិចនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ ស្របពេលដែលតម្រូវការសាច់ជ្រូក មាន់ ទា តែងតែមានការកើនឡើងរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនម្តងៗផងដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា តម្លៃជ្រូករស់នាពេលបច្ចុប្បន្ននេះហាក់មានតម្លៃល្អសមរម្យមកវិញហើយ ដែលប្រជាកសិករអាចទទួលយកបាន ពោលគឺតម្លៃជ្រូករស់អាចលក់បានចន្លោះពីជាង ៨ពាន់រៀលទៅជាង ១ម៉ឺន ២ពាន់រៀល ក្នុង១គីឡូក្រាម ដែលជាតម្លៃមួយអាចផ្តល់ប្រាក់ចំណេញដល់កសិករ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ រំពឹងថា តម្លៃជ្រូករស់នៅកម្ពុជា និងជ្រូកខ្វៃ អាចនឹងមានការកើនឡើងបន្ថែមទៀត នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅឆ្នាំនេះ ខណៈដែលការផ្គត់ផ្គង់ជ្រូករស់ នាពេលនោះ នឹងមិនមានការខ្វះខាតឡើយ ទោះតម្រូវការកើនឡើងក៏ដោយ។
ដោយឡែក សាច់មាន់វិញមាន ៣ប្រភេទ ដែលបានដាក់លក់នៅលើទីផ្សារ ដូចជា មាន់ស្រែលក់តម្លៃចន្លោះពី ២ម៉ឺនរៀង ទៅជាង ៣ម៉ឺនក្នុង១គីឡូ, មាន់ ៣សាសន៍ លក់តម្លៃប្រហែល ១ម៉ឺន ៤ពាន់រៀលក្នុង១គីឡួ និងមាន់កសិកម្មលក់តម្លៃប្រហែល ១ម៉ឺនរៀលក្នុង១គីឡួ។
លោក ស៊្រុន ពៅ បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃជ្រូករស់ជាធម្មតាមានតម្លៃជាង ៩ពាន់រៀលក្នុង១គីឡូ រីឯនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ វាអាចកើនតម្លៃចន្លោះពី ១១.០០០រៀល ទៅ ១២.០០០រៀល ក្នុង១គីឡួ។ ហើយតម្លៃនេះមិនអាចឡើងដល់ ២ម៉ឺនរៀលនោះទេ។
លោកលើកឡើងថា ប្រជាពលរដ្ឋគួរទទួលយកនូវតម្លៃនេះ ដោយសារតែអ្នកចិញ្ចឹមមានការលំបាកខ្លាំង បើសិនជាខាតគឺខាតច្រើន ប៉ុន្តែបើសិនជាចំណេញគឺចំណេញតិច។ លោកសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រនូវផលិតផលសាច់ខ្មែរ ដើម្បីបង្កើនការងារ និងប្រាក់ចំណូល និងគិតពីសុខភាពយើងទាំងអស់ គឺចៀសវាងហូបសាច់បង្កកនាំចូលមកពីក្រៅ ដែលគ្មានប្រភពច្បាស់លាស់។
សូមបញ្ជាក់ថា តម្លៃជ្រូករស់នៅកម្ពុជា បានចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗ ដោយសារតម្រូវការផ្គត់ផ្គង់ជ្រូករស់ជាង ២ពាន់ក្បាលដោយក្នុង១ថ្ងៃៗ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រចផ្អាកមិនឱ្យមានការនាំចូលជាបណ្ដោះអាសន្ននូវប្រភេទគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួនចាប់តាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ៕
អត្ថបទ៖ ចេង ឆហួត