សង្គម

កម្ពុជា​ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត

image


ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨​ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នៅរសៀលថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២៥​ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូន​ និងជោគជ័យ។

លោក ឃួង ស្រេង បានលេីកឡេីងថា​ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀម លក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើការរក្សាសន្តិសុខ សុវត្ថិភាព​ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។ កិច្ចប្រជុំនេះ ក៏បានគិតគូរទាំងលើការរៀបចំតុបតែង ការប្រគុំតន្ត្រី ការគ្រប់គ្រងទឹក ភ្លើង អនាម័យបរិស្ថាន រួមនឹងការរក្សាសន្តិសុខ សុវត្ថិភាពទាំងក្នុង​ និងក្រៅពិធី។ បន្ថែមពីនេះលោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំ១៤​ រក្សាឱ្យបានសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​ ការប្រកួត កីឡាបាល់ទាត់នេះ ជាការប្រកួតមិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត​ ដោយមាន២ការប្រកួត គឺក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ​ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រុំដែន កម្ពុជា-ថៃ។​ ម្យ៉ាងវិញទៀត​ ក៏នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍កម្ពុជា​ និងទូរទស្សន៍របស់ថៃ ក៏បានសុំកាច់ផ្សាយផ្ទាល់ពីទូរទស្សន៍កម្ពុជាផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នាជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានស្នើឱ្យលោក ស៊ីផាឆៃ វីរៈភូជុង ឃោសនា​ ក៏ដូចជាអំពាវនាវឱ្យប្រជាពលរដ្ឋថៃឱ្យមកទស្សនាក្នុងព្រឹត្តិការណ៍នេះផ្ទាល់នៅកម្ពុជាឱ្យបានច្រើនផងដែរ។

លោក ស៊ីផាឆៃ វីរៈភូជុង បានលើកឡើងដែរថា​ ការរៀបចំ ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ មានកីឡាករ​ និងតារាល្បីៗរបស់ថៃ និងកីឡាករ​ និងតារាល្បីៗរបស់កម្ពុជាចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ​ និងតារាល្បីៗ​ និងកីឡាករល្បីៗរបស់ថៃមានចំនួន​ ៥០នាក់។ គោលបំណងចង់ឱ្យប្រទេសទាំង២មានសន្តិភាពជាមួយគ្នារហូត។

លោក ស៊ីផាឆៃ វីរៈភូជុង បានបញ្ជាក់ថា​ មុននៃការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ​ និងអ្នកពាក់ព័ន្ធទាំងអស់អំពីបំណងនៃការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាប។

ក្នុងកិច្ចប្រជុំនៃព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ អង្គប្រជុំក៏បានពិភាក្សាគ្នាលើគម្រោងនៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ចូលរួមជាអធិបតីភាពក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ៕