សេដ្ឋកិច្ច

ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានឈានដល់កំណត់ត្រាខ្ពស់បំផុត ដែលតម្លៃនាំចេញកើនដល់ ១.៨៨០លានដុល្លារ កើនឡើង ១៦% បើធៀបនឹងឆ្នាំមុន

image


ភ្នំពេញ៖ នៅឆ្នាំ២០២៤កន្លងទៅនេះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានឈានដល់កំណត់ត្រាថ្មីមួយខ្ពស់បំផុត ដែលតម្លៃនាំចេញបានកើនឡើងដល់ ១.៨៨០លានដុល្លារ កើនឡើងចំនួន១៦% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី១៨ ខែមករានេះ។


សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ការអភិវឌ្ឍដ៏អស្ចារ្យរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈការសម្រេចបានក្នុងការនាំចេញ ក្នុងនោះ ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញបានកើនឡើងទ្វេដងពី ៣១៦លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លានដុល្លារក្នុងឆ្នាំ២០២១។

កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ការនាំចេញបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយ ឈានដល់ ១.៦២១លានដុល្លារក្នុងឆ្នាំ២០២៣។ ហើយនៅឆ្នាំ២០២៤កន្លងទៅនេះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានកំណត់ត្រាថ្មីមួយខ្ពស់បំផុត ដែលតម្លៃនាំចេញបានកើនឡើងដល់ ១.៨៨០លានដុល្លារ កើនឡើងចំនួន១៦% ធៀបនឹងឆ្នាំមុន។


សេចក្តីប្រកាសព័ត៌មាន បានលើកឡើងបន្ថែមថា “បន្ទាប់ពីរយៈពេល ១៩ឆ្នាំ យើងខ្ញុំមានមោទនភាពក្រៃលែង ដែលបានឃើញតំបន់នេះ មានការអភិវឌ្ឍមកដល់បច្ចុប្បន្ន។ សព្វថ្ងៃនេះ តំបន់យើងខ្ញុំ បានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន ១១៣ មកពី ១៥ប្រទេសជុំវិញសាកលលោក ដែលមានជំនាញ ក្នុងការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី ការដំឡើង រថយន្ត និងគ្រឿងបង្គំរថយន្ត។ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះ បានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៧.៨០០ នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។


យើងខ្ញុំ មានមោទនភាព យ៉ាងក្រៃលែងក្នុងការរួមចំណែកប្រមាណ ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦.៦៦៤ លានដុល្លារ បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។”


ដោយមានការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាតត្បាតនៃ ជំងឺកូវីដ.១៩ ប្រកបដោយប្រសិទ្ធភាព អ្នកវិនិយោគទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នៅតែអាចបន្តប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ខ្លួនជាលំដាប់។ នាពេលបច្ចុប្បន្ន ទូទាំងប្រទេស សង្កេតឃើញថា វិស័យសំខាន់ៗទាំងឡាយ កំពុងមានការងើបឡើងវិញជាបន្តបន្ទាប់ ហើយតំបន់សេដ្ឋកិច្ចពិសេស មានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ក្រុមហ៊ុនថ្មីចំនួន ៥បន្ថែមទៀត ដែលបានរួមចំណែកពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសកម្ពុជា។


ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សមិទ្ធិផលទាំងអស់នេះ ជាកម្លាំងចលករជំរុញឱ្យបន្តខិតខំប្រឹងប្រែងផ្តល់នូវទីតាំងវិនិយោគមួយដ៏ល្អសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ប្តេជ្ញាចិត្តក្នុងការ បង្កើនឱកាសអាជីវកម្ម រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងជំរុញដំណើរឧស្សាហូបនីយកកម្មរបស់ប្រទេសកម្ពុជា។


សូមរំលឹកថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ជាមួយនឹងចក្ខុវិស័យ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យនានា និងក្នុងការបង្កើតឱកាសការងារ ជាច្រើនដល់ប្រជាជនកម្ពុជា។


សូមបញ្ជាក់ថា រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។

ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕