អ៊ុយក្រែន និយាយថា មនុស្ស ៤នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាសដោយរុស្ស៊ី លើរដ្ឋធានីគីវ
អ៊ុយក្រែន៖ ប្រធានរដ្ឋបាលយោធានៃរដ្ឋធានីរបស់អ៊ុយក្រែន លោក ធីមូ ថ្កាឆិនកូ (Timur Tkachenko) បានឱ្យដឹងថា មនុស្សចំនួន ៤នាក់ បានបាត់បង់អាយុជីវិត កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ អំឡុងការវាយប្រហារតាមអាកាសពេញមួយយប់ថ្ងៃសុក្រ នៅកណ្ដាលទីក្រុងគីវ (Kyiv) ។
តាមរយៈសារបង្ហោះរបស់លោកថ្កាចិនកូ (Tkachenko) នៅលើកម្មវិធីផ្ញើសារអេឡិចត្រូនិក Telegram បានរៀបរាប់ថា ទីតាំងដែលជនរងគ្រោះបានស្លាប់នោះ ស្ថិតនៅក្នុងសង្កាត់សេវឆិនគីវស្គី (Shevchenkivskyi) ក្នុងទីរដ្ឋធានីគីវ ។
លោកបានរៀបរាប់បន្ថែមទៀតថា កម្ទេចកម្ទីបានធ្លាក់ចុះមក ក៏បានបន្តប៉ះពាល់ដល់សង្កាត់ហូឡូសីវស្គី (Holosiivskyi) ស្ថិតនៅម្ដុំច្រាំងខាងលិចនៃទន្លេឌីនីប្រូ (Dnipro) ដែលហូរឆ្លងកាត់រដ្ឋធានី និងនៅក្នុងសង្កាត់ឌែសនីយ៉ានស្គី (Desnyanskyi) នៅផ្នែកម្ខាងទៀតនៃច្រាំងទន្លេ ។
អភិបាលក្រុងគីវ (Kyiv) លោក វីតាលិ ឃ្លីចកូ (Vitali Klitschko) បញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាស កំពុងប្រតិបត្តិការព័ទ្ធជុំវិញទីក្រុង។ ក្នុងនោះ លោកបានបញ្ជាក់ថា កម្ទេចកម្ទីនៃការវាយប្រហារនោះ បានធ្វើឱ្យកញ្ចក់នៅតាមអាផាតមិន ក្នុងសង្កាត់ Shevchenkivskyi ត្រូវខូចខាត រួមទាំងប៉ះពាល់ដល់ស្ថានីយរថភ្លើងដែលបានបិទស្រាប់។ បន្ថែមពីនេះ ក្រៅពីជនរងគ្រោះក្នុងរដ្ឋធានីគីវ ក៏មានជនរងគ្រោះ ២នាក់ផ្សេងទៀតបានស្លាប់ នៅទីតាំងផ្សេងទៀត ដែលនាំឱ្យតួលេខជនរងគ្រោះ មានចំនួនសរុប ៦នាក់ ។
ទន្ទឹមនឹងនោះ អ៊ុយក្រែន និយាយថា យោធារបស់ខ្លួន បានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ២៤ គ្រឿង និងកាំជ្រួចផ្លោងចំនួន ២ គ្រាប់ដែលបាញ់បង្ហោះដោយរុស្ស៊ី អំឡុងការវាយប្រហារតាមអាកាស។ អ៊ុយក្រែន បានបញ្ជាក់បន្ថែមទៀតថា យន្តហោះគ្មានមនុស្សបើកសរុបចំនួន ៣៩ គ្រឿង និងកាំជ្រួចផ្លោងចំនួន ៤គ្រាប់របស់រុស្ស៊ី បានបាញ់បង្ហោះឆ្លងកាត់ផ្នែកផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters