ពលរដ្ឋ Greenland ទាមទារសិទ្ធិស្វ័យសម្រេចលើអនាគតរបស់ខ្លួន ស្របពេលលោកដូណាល់ត្រាំមានបំណងចង់ទិញយក
ហ្គ្រីនឡង់ដ៍, ដាណឺម៉ាក៖ ពាក់ព័ន្ធនឹងបញ្ហាតំបន់ Greenland ដែលប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាម៉េរិក លោកដូណាល់ត្រាំ ចង់ប្រើប្រាស់ថវិកាដើម្បីទិញយកតំបន់នេះមកគ្រប់គ្រង នៅពេលថ្មីៗនេះក្រុមពលរដ្ឋជាម្ចាស់ស្រុក បាននាំគ្នាសម្តែងមតិ ដោយធើ្វការទាមទារសិទ្ធិធើ្វសេចក្តីសម្រេចចិត្តផ្ទាល់ខ្លួន ចំពោះអនាគតដែនកោះដ៏ធំមួយនេះ ស្របពេលលោកដូណាល់ត្រាំ ត្រៀមនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃចន្ទ ទី ២០ ខែមករានេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោកដូណាល់ត្រាំ បានលើកឡើងជារឿយៗអំពីបំណងរបស់លោក ក្នុងការរកមធ្យោបាយគ្រប់គ្រងតំបន់ស្វយ័ត Greenland ដែលជាដែនដីស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសដាណឺម៉ាក និងត្រូវគេដឹងថា ជាតំបន់មួយដែលមានទេសភាពស្រស់ស្អាត និងសម្បូរដោយធនធានធម្មជាតិ។
បំណងរបស់លោកត្រាំ ដែលចង់បានតំបន់ Greenland ធើ្វជាទឹកដីរបស់សហរដ្ឋអាម៉េរិកនេះ គឺមិនមែនជារឿងថ្មីទេ ពោលគឺលោកធ្លាប់បានរំលេចវាម្តងរួចមកហើយកាលពីអាណត្តិដឹកនាំដំបូងរបស់លោកនៅក្នុងឆ្នាំ ២០១៩ ដោយពេលនោះ លោកដូណាល់ត្រាំ បានបង្ហាញបំណងចង់ទិញយកតំបន់ Greenland ពីប្រទេសដាណឺម៉ាក់ ប៉ុន្តែត្រូវរដ្ឋាភិបាលប្រទេសមួយនេះ ក៏ដូចជាអាជ្ញាធរ Greenland ខ្លួនឯងផ្ទាល់ ធើ្វការបដិសេធ។
ដោយឡែក ងាកមកស្ថានការណ៍បច្ចុប្បន្នវិញ ពលរដ្ឋ Greenland បានកំពុងនាំគ្នាផ្ញើសារកាន់តែច្បាស់ ទៅកាន់សហរដ្ឋអាម៉េរិក ក៏ដូចជាពិភពលោកទាំងមូលដែលកំពុងតាមដានលើរឿងនេះថា មានតែពលរដ្ឋម្ចាស់ស្រុករបស់ Greenland ប៉ុណ្ណោះ ដែលគប្បីមានសិទ្ធិចាត់ចែងលើជោគវាសនាអនាគតរបស់ដែនកោះមួយនេះ។
បើតាមការស្ទង់មតិមួយនាពេលថ្មីៗនេះ បានបង្ហាញថា មានពលរដ្ឋ Greenland យ៉ាងច្រើនលើសលុបក្នុងចំណោមពលរដ្ឋសរុបជិត ៦ម៉ឺននាក់ បានបដិសេធផែនការរបស់លោកដូណាល់ត្រាំ ក្នុងការទិញយកតំបន់ Greenland ពីព្រោះតែពួកគេមើលឃើញថា សហរដ្ឋអាម៉េរិកកំពុងចាត់ទុកពលរដ្ឋ Greenland ប្រៀបបានជាទំនិញនៅលើទីផ្សារ។
ជុំវិញរឿងនេះដែរ ពលរដ្ឋ Greenland មួយរូប បាននិយាយថា "វាជារឿងធម្មតាដែលលោកបង្ហាញបំណងចង់ទិញនូវអ្វីដែលលោកចង់បាន ហើយវាក៏ជារឿងធម្មតាសម្រាប់ពលរដ្ឋ Greenland ក្នុងការផ្តល់ចម្លើយត្រឡប់ទៅកាន់លោកវិញថា ដែនដីមួយនេះមិនមែនសម្រាប់លក់នោះឡើយ។
គួររម្លឹកថា តំបន់ Greenland គឺជាកោះដ៏ធំបំផុតនៅលើពិភពលោក និងជាដែនដីនៃចំណាប់អារម្មណ៍របស់មនុស្សម្នាជាច្រើន ដែលធ្លាប់តែលឺនិងឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់វានៅលើកញ្ចក់ទូរទស្សន៍ ដោយសារតែវាមានទីតាំងស្ថិតនៅចន្លោះមហាសមុទ្រអាក់ទិក និងមហាសមុទ្រអាត្លង់ទិក ដែលជាតំបន់មានផ្ទៃដីទឹកកកយ៉ាងធំល្វឹងល្វើយ និងសម្បូរដោយធនធានរ៉ែ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters Connect/ Others