ប្រធានអង្គការសហប្រជាជាតិ ជំរុញឱ្យអ៊ីស្រាអែល ដកកងទ័ពចេញពីទឹកដីប្រទេសលីបង់
សហប្រជាជាតិ៖ នៅក្នុងឱកាសដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបេរ៉ូត នាចុងសប្តាហ៍កន្លងទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យអ៊ីស្រាអែល ធើ្វការដកទ័ពចេញពីទឹកដីភាគខាងត្បូងរបស់ប្រទេសលីបង់ ដែលយោធាអ៊ីស្រាអែល បានចូលមកគ្រប់គ្រងក្នុងអំឡុងប្រតិបត្តិការសឹកប្រឆាំងនឹងក្រុមហេសបូឡាហ៍ កាលពីពេលថ្មីៗ។
លោក Guterres បាននិយាយថា "ការដកកម្លាំងយោធារបស់អ៊ីស្រាអែល គឺជារឿងចាំបាច់ ដើម្បីសម្រួលឱ្យមានការដាក់ពង្រាយកងទ័ពជាតិលីបង់នៅតំបន់ភាគខាងត្បូង សម្រាប់ពង្រឹងកិច្ចការសន្តិសុខ ស្របទៅតាមពេលវេលាដែលបានព្រមព្រៀងគ្នានាពេលកន្លងទៅ" ហើយរឹតតែសំខាន់នោះ វាជាការបង្ហាញពីការគោរពសិទ្ធិអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ ហើយរដ្ឋាភិបាលលីបង់ ត្រូវទទួលបានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងសកម្មភាពប្រដាប់អាវុធនៅទូទាំងប្រទេសរបស់ខ្លួន។
លោក Guterres បានបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តដំណោះស្រាយលេខ ១៧០១ របស់អង្គការសហប្រជាជាតិឱ្យបានគ្រប់ជ្រុងជ្រាយ ដោយលើកឡើងថា ការដកទ័ពរបស់អ៊ីស្រាអែល នឹងផ្តល់ឱកាសពេញលេញសម្រាប់ការអនុវត្តនៃដំណោះស្រាយមួយនេះ ដើម្បីឈានទៅសម្រេចគោលដៅចម្បងដែលជាការបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍រវាងលីបង់ និងអ៊ីស្រាអែល។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត ជុំវិញការធានាដំណើរការបទឈប់បាញ់ក្នុងប្រទេសលីបង់ ឱ្យបានយូរអង្វែង លោក Guterres បាននិយាយថា លោកមានជំនឿថា អ៊ីស្រាអែលនឹងក្រុមហេសបូឡាហ៍ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងដែលបានបង្កើតឡើង។
ត្រង់ចំណុចនេះ លោកបានអំពាវនាវឱ្យភាគីទាំងពីរ បន្តមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធានាអនុវត្តឱ្យបានចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងដែលបានបង្កើតឡើង និងបានបន្ថែមថា យន្តការសម្របសម្រួលថ្មីមួយដែលគេទើបបានបង្កើតឡើង គួរត្រូវបានយកមកប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាសេសសល់សំខាន់ៗ។ ប្រធានអង្គការសហប្រជាជាតិរូបនេះ ក៏បានសន្យានឹងគាំទ្រប្រទេសលីបង់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែលរងការខូចខាតដោយសារតែប្រតិបត្តិការសឹករបស់យោធាអ៊ីស្រាអែល ឱ្យបានរឹងមាំឡើងវិញផងដែរ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Various Sources