អភិបាលខេត្តកែប ណែនាំមន្ទីរអប់រំ និងអ្នកពាក់ព័ន្ធ បន្តពិនិត្យគុណភាពចំណីអាហារគ្រប់សាលារៀនដើម្បីធានាសុខភាពរបស់កុមារ
កែប៖ កុមារ ជាទំពាំង និងជាអ្នកបន្តវេនក្នុងការបន្តនិរន្តភាពនៃធនធានមនុស្សរបស់ប្រទេសជាតិ ការការពារសុខភាពកុមារ ឲ្យមានការលូតលាស់ល្អជារឿងចាំបាច់ដែលអ្នកពាក់ព័ន្ធត្រូវគិតគូរ ក្នុងដំណាក់កាលដំបូងនៃការចូលរៀនរបស់កុមារក៏ជាការចាំបាច់ ដែលយើងត្រូវយកចិត្តទុកដាក់ ក្រៅពីបំពាក់បំប៉ននូវចំណេះដឹងដល់ពួកគេ សុខភាពរឹតតែសំខាន់ ដូចនេះមន្ទីរ និងអាជ្ញាធរត្រូវបន្តត្រួតពិនិត្យ ការលក់ដូរចំណីអាហារទាំងក្នុង និងក្រៅសាលា ជាពិសេសហាមដាច់ខាតការលក់ភេសជ្ជៈផ្អែមដល់កុមារតែម្តង។
នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៤-២០២៥ នៅសាលប្រជុំមន្ទីរ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។
លោក សោម ពិសិដ្ឋ មានប្រសាសន៍ថា កុមារដែលមានអាយុចន្លោះពី៣ ទៅ ៥ឆ្នាំ ជាដំណាក់កាលលូតលាស់ដ៏សំខាន់ ទាំងការលូតលាស់ធំធាត់ផ្នែករាងកាយ និងការអភិវឌ្ឍសតិបញ្ញាស្មារតី ចរិតលក្ខណៈ ការគិត និងអារម្មណ៍។ ដូចនេះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប ត្រូវជំរុញអាណាព្យាបាលបញ្ជូនពួកគេមកទទួលការអប់រំ នៅសាលាឬចូលរៀនថ្នាក់មត្តេយ្យក្នុងតួរលេខមួយខ្ពស់ ក្រៅពីនោះការងារចាំបាច់មួយទៀតគឺបន្តត្រួតពិនិត្យ ការលក់ដូរចំណីអាហាររបស់ពលរដ្ឋ ទាំងក្នុងនិងក្រៅសាលារៀន សំដៅធានាបានថាកុមាររបស់យើង ពិតជាទទួលបានការថែទាំទាំងសុខភាព និងការបណ្តុះបណ្តាលនូវប្រាជ្ញាស្មារតីបានត្រឹមត្រូវ។
យោងរបាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកែប បានឱ្យដឹងថា ឆ្នាំសិក្សា ២០២៣-២០២៤ នៅទូទាំងខេត្តមានថ្នាក់មត្តេយ្យសរុបចំនួន ២៥កន្លែង មានថ្នាក់រៀនសរុបចំនួន ៥៨ថ្នាក់ ទទួលបានកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ ឱ្យទទួលសេវាអប់រំកុមារតូចគ្រប់រូបភាពសរុបចំនួន ១.៦០៨នាក់ ស្រី ៧៥០នាក់។ កុមារអាយុ ៣ឆ្នាំ បានចូលរៀន មាន ១៦,៦៧% កុមារអាយុ ៤ឆ្នាំ បានចូលរៀនមាន ៦៣,៣៣% និងកុមារអាយុ ៥ឆ្នាំ បានចូលរៀនមាន ៧៧,១២% ក្នុងនោះកុមារអាយុ ៥ឆ្នាំ បានចូលរៀនថ្នាក់ទី១ សរុបចំនួន ៦៨៦នាក់ ស្រី ៣៣០នាក់ ស្មើនឹង ១០០%៕
អត្ថបទ៖ ង៉ុង សាន់