សង្គម

បុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥នេះ ជ្រូកខ្វៃ រំពឹងថា នឹងលក់ដាច់ច្រើន ដោយសារមានតម្រូវការខ្ពស់ ខណៈប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានត្រៀមរួចជាស្រេចនូវចំនួនជ្រូក ដែលមានទំហំល្មមសម្រាប់ធ្វើជ្រូកខ្វៃ

image


ភ្នំពេញ៖ ជ្រូកខ្វៃ មាន់ ទា ជាអាហារចាំបាច់សម្រាប់ពិធីសែនព្រេន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន របស់បងប្អូនប្រជាជនចិន ក៏ដូចជាបងប្អូនខ្មែរជាប់សែស្រឡាយចិន ដែលរស់នៅលើទឹកដីនៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត។

ដើម្បីទទួលបានជ្រូកខ្វៃល្អ ទៅតាមទំហំដែលខ្លួនត្រូវការ អតិថិជន ត្រូវធ្វើការកម្ម៉ង់ទុកពីចំងាយ បើមិនដូច្នេះទេ អ្នកលក់ជ្រូកខ្វៃ មាន់ទា ប្រាកដជាធ្វើជូនមិនទាន់នោះទេ ត្បិតជារដូវមួយដែលប្រជាពលរដ្ឋខ្មែរ ជាប់សែចិន មានតម្រូវការស្ទើរគ្រប់ផ្ទះ ហើយគ្រួសារៗអាចត្រូវការលើពី៣ក្បាលក៏មានដែរ ។

ឆ្លើយតបតាមទូរស័ព្ទជាមួយសារព័តមានCNC លោក ញ៉េន សេងហឿន អាជីវករលក់ជ្រូកខ្វៃបោះដុំ នៅខេត្តព្រៃវែង បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងរដូវបុណ្យចូលឆ្នាំចិនមកដល់ លោកតែងតែទទួលការកម្ម៉ង់មុន១សប្តាហ៍ ឬ៣ថ្ងៃមុនពិធីបុណ្យចូលមកដល់ក៏មានដែរ ។ឈានមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកសេងហឿន ទទួលបានការបញ្ជារទិញ៦០ក្បាលហើយ ដែលមួយក្បាលទម្ងន់ចាប់ពី១០គីឡូទៅ មានតំលៃ៥៥ម៉ឺនរៀល ។

ជាមួយគ្នានេះ លោកក៏រំពឹងថា ទំរាំជិតដល់ថ្ងៃចូលឆ្នាំចិន លោកនឹងអាចទទួលបានការកម្ម៉ង់ជិត១០០ក្បាល ព្រោះរាល់ឆ្នាំលោកតែងតែលក់បានទំហំប៉ុណ្ណឹង ។ ចំណែកឯអតិថិជនវិញ ត្បិតតែលោកមានទីតាំងនៅខេត្តព្រៃវែង តែលោកអាចលក់ជ្រូកខ្វៃដល់ខេត្តផ្សេងៗទៀត តាមរយៈការបញ្ជារទិញតាមទូរស័ព្ទ និងស្គាល់តៗគ្នាផងដែរ។

ដោយឡែក អ្នកលក់ជ្រូកខ្វៃអាជីពម្នាក់ទៀត ឈ្មោះ លឹម ម៉េងហេង (ហ៊ាទី) នៅផ្សារអូឫស្សី រាជធានៅភ្នំពេញវិញ ក៏បានប្រាប់ស្រដៀងគ្នានេះដែរ ដោយប្អូនស្រីរំពឹងថា ការលក់ដូរឆ្នាំនេះ នឹងមានទីផ្សារខ្ពស់ ព្រោះអីកាលពីកើតជំងឺកូវីដ-១៩ ជ្រូកការខ្វៃរបស់ប្អូនស្រីនៅតែលក់ដាច់បានច្រើន ចុះទំរាំពេលនេះ បរិកាសសេដ្ឋកិច្ចហាក់ប្រសើរឡើងហើយ រឿងអីថាជ្រូកខ្វៃ នៅរដូវបុណ្យចូលឆ្នាំចិនលក់មិនដាច់នោះ។

នៅឆ្នាំ២០២៤ ប្អូនស្រីលក់ជ្រូកខ្វៃអស់ជាង ៤០០ក្បាល ហើយនៅថ្ងៃទី២៣ ខែមករានេះ ហាងរបស់ប្អូនទទួលការកក់ជាង៥០០ក្បាលហើយ ។ ប្អូនស្រីបញ្ជាក់ថា មួយក្បាលមានទម្ងន់ចន្លោះពី៣គីឡូក្រាម ទៅ១៥គីឡូក្រាម លក់តំលៃ៨ម៉ឺនរៀល/គីឡីក្រាម ។

ទន្ទឹមនឹងនេះ លោកស្រ៊ុន ពៅ ប្រធានសមាគចិញ្ចឹមសត្វកម្ពុជា បានថ្លែងថា សមាគមបានសហការជាមួយនឹង អ្នកចិញ្ចឹមតាមបណ្តាខេត្តក្រុង ក្នុងប្រទេសកម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម។

លោក បានបន្តថា ជាធម្មតាជ្រូករស់អាចលក់បានចំនួន២ពាន់ទៅ៣ពាន់ក្បាល ប៉ុន្តែសម្រាប់ដល់ពិធីបុណ្យអាចមានតម្រូវការចន្លោះពី១ម៉ឺនទៅ ១ម៉ឺន២ពាន់ក្បាល ។ ចំពោះតំលៃជ្រូករស់វិញ គឺលើសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។

សូមបញ្ជាក់ថា ពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕

ដោយ៖ គង់ វណ្ណៈ