ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ លុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ក្រុមហ៊ុន

image


ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ក្រុមហ៊ុន ដែលបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម​ នៅថ្ងៃទី២៧​ ខែមករា ឆ្នាំ២០២៥។ នេះបេីយោងតាមអនុក្រឹត្យលេខ២៨៩អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន​ និងយោងតាមលិខិតលេខ ២៦១ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

តបតាមកម្មវត្ថុ និងយោងខាងលើ លោកឧបនាយករដ្ឋមន្ត្រីស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានពិនិត្យស្រាវជ្រាវលើក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ក្រុមហ៊ុន ដែលបានស្នើសុំការអនុញ្ញាតប្រកបអាជីវកម្មកន្លងមក ហើយត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្មទៀតឡើយ ដែលមិនស្របតាមគោលបំណងក្នុងមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន។​ ដូចនេះក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះចេញពីបញ្ជីអនុញ្ញាតឱ្យផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ក្រុមហ៊ុន៕