ឈ្វេងយល់អំពីប្រវត្តិ និងអត្ថន័យការឡកម៉ុងសាយ នាំហុងស៊ុយលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំចិន
ភ្នំពេញ៖ ម៉ុងសាយ ត្រូវបានសម្តែងឡើងនៅក្នុងពេលបុណ្យចូលឆ្នាំចិន និងពិធីបុណ្យប្រពៃណីរបស់ជនជាតិចិនមួយចំនួន។ ការរាំឡកម៉ុងសាយក៏ត្រូវបានធ្វើឡើងសម្រាប់ឱកាសពិសេសផ្សេងទៀតដូចជា ការបើកសម្ពោធហាងថ្មី ការប្រារព្ធពិធីបុណ្យពិសេសណាមួយក្នុងពិធីមង្គលការ ឬទទួលភ្ញៀវកិត្តិយស។
ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិនមានជំនឿថា ម៉ុងសាយគឺជាតំណាងសត្វតោដែលមានឫទ្ធិខ្លាំងក្លា អាចបណ្ដេញ ឬកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃទាំងពួងដើម្បីនាំមកនូវសិរីសួស្ដី នាំលាភនាំជ័យក្នុងឆ្នាំថ្មី។ ចំពោះការរាំម៉ុងសាយមួយគេត្រូវការឲ្យមានអ្នករាំចំនួនពីរនាក់ ដោយម្នាក់នៅក្បាលតោ និងម្នាក់ទៀតនៅកន្ទុយតោ ហើយអ្នករាំម៉ុងសាយគេមិនងាយនឹងឃើញមុខទេ ព្រោះគ្របជិតដោយសម្លៀកបំពាក់តោ។
តាមរយៈអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ចិន បានឲ្យដឹងថា ប្រពៃណីទំនៀមទម្លាប់នេះគឺ ជនជាតិចិនបានធ្វើតៗគ្នាទៅតាមការនិទានរឿងរបស់ដូនតា ឬកុងម៉ាប្រាប់តៗពីមួយជំនាន់ទៅមួយជំនាន់ដែលគេជឿថា ការឡកម៉ុងសាយជាការនាំហុងស៊ុយលើករាសីបណ្ដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ចេញឲ្យអស់ ហើយនាំមកនូវសំណាងល្អក្នុងឆ្នាំថ្មី។
ចំពោះការឡកម៉ុងសាយនេះ មិនមែនមានជំនឿតែពលរដ្ឋសាមញ្ញនោះទេ សូម្បីតែអ្នកជំនួញ ក្រុមហ៊ុនធំៗមួយចំនួនក៏មានជំនឿដូចគ្នានេះផងដែរ និងបានធ្វើពិធីឡកម៉ុងសាយដែលមានភាពទំនើប និងអស្ចារ្យ ដែលធ្វើឲ្យមានការទាក់ទាញដល់អ្នកទស្សនាថែមទៀតផង និងរំពឹងថា នឹងធ្វើឲ្យការរកស៊ីរបស់ពួកគេទទួលបានជោគជ័យ និងរីកចម្រើនជាលំដាប់។
គួរកត់សម្គាល់ដែរថា ការឡកម៉ុងសាយនៅក្នុងថ្ងៃចូលឆ្នាំចិន តែងមានបុរសមួយក្រុមរូបរាងមាំមួន ដើរលោតម៉ុងសាយដើម្បីសុំលុយបរិច្ចាគពីអ្នកភូមិ (ស្រដៀងនឹងរបាំត្រុដិខ្មែរ ដែលក្រុមរបាំសុំបរិច្ចាគថវិកាតាមភូមិដូចគ្នា) ដោយក្នុងនោះមានបែងចែកជា ក្រុមលេងភ្លេងកំដរ ក្រុមពាក់ក្បាលតោ ស្លៀកឈុតតោ និងមនុស្សពាក់មុខតាប៉ិញញឹមកាន់ផ្លិត។ បន្ទាប់មកក៏នាំគ្នាដើរតាមដងផ្លូវនានាក្នុងភូមិស្រុក។ លុះអ្នកភូមិបានឮសំឡេងស្គរ នឹងនាំគ្នាចេញមកដោយយកស្រោមសំបុត្រអាំងប៉ាវ ទៅចងនៅលើបង្គោលឈើខ្ពស់ៗ ដើម្បីឲ្យក្រុមអ្នកលោតម៉ុងសាយឡើងទៅយក ដែលនេះជាទំនៀមទម្លាប់មួយដ៏សែនរីករាយសម្រាប់ប្រជាជានចិន។
សូមជម្រាបថា ការឡកម៉ុងសាយ ភាសាអង់គ្លេសហៅ «Lion Dance» មិនមែនរបាំនាគក្នុងភាសាអង់គ្លេសថា «Dragon Dance» នោះទេ។ ម៉ុងសាយត្រូវការមនុស្សតែពីរនាក់ទេ ផ្ទុយពីរបាំនាគដែលគេត្រូវការមនុស្សច្រើន។
បើតាមលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានឲ្យដឹងថា ប្រជាពលរដ្ឋមានជាប់សែស្រឡាយចិន ធ្វើពិធីឡកម៉ុងសាយឬហៅថា«របាំសត្វតោ» បង្កប់នូវអត្ថន័យចំនួន៤នៅប្រពៃណីជនជាតិចិន រួមមាន ១- របាំតោជាការបង្ហាញនូវឫទ្ធានុភាពនៃអំណាចស្តេចសត្វគ្រប់គ្រងដែនដី ដែលជាការរំលេចថា ការឡកម៉ុងសាយ ឬការសម្តែងរបាំតោ គឺជាការផ្តល់នូវឫទ្ធានុភាពនៃអភិបាលកិច្ចលើដែនដី និងមុខរបរ។ លោកថា សត្វតោត្រូវបានគេយកទៅដាក់តាំងនៅមុខខ្លោងទ្វារដើម្បីបញ្ជាក់ពីអំណាចរបស់ម្ចាស់លំនៅស្ថាន។ របាំនេះក៏ជាការឆ្លុះ បញ្ចាំងពីគុណតម្លៃនៃអរិយធម៌ចិនដែលមានអាយុកាលជាង៥ពាន់ឆ្នាំ ដើម្បីរួម ចំណែកជាមួយអរិយធម៌នៃប្រជាជាតិដទៃ ដូចទៅនឹងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមដោយលោក ស៊ីជិនពិន ប្រធានរដ្ឋចិន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ទី២-របាំតោជាការបង្ហាញនូវអំណាចបន្លាចសត្វដទៃ ដែលជាការឆ្លុះបញ្ចាំងពីអំណាចនៅក្នុងការដេញឧបទ្រពចង្រៃដែលអាចយាយីដល់យើង ហើយផ្តល់មកវិញនូវកាលានុវត្តភាពនៃការអភិវឌ្ឍប្រៀបដូចជាគំនិតផ្តួចផ្តើមសន្តិសុខសកលដែលបានរួមចំណែកយ៉ាងសកម្មដល់បេសកកម្មថែ រក្សាសុខសន្តិភាពពិភពលោក។
ទី៣- របាំតោជាការបង្ហាញនូវមន្តស្នេហ៍នៃការទាក់ទាញ ដែលជាការរេរាំពត់ពេនរបស់សត្វតោនៅក្នុងការឆក់យកមនោសញ្ចេតនា និងមិត្តភាពដែលរួមគ្នានៅក្នុងរង្វង់នៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួច ផ្តើមអភិវឌ្ឍសកលដែលបានផ្តួចផ្តើមដោយប្រទេសចិន។ និង៤- របាំតោជាការបង្ហាញនូវកម្លាំងសាមគ្គីភាព ដែលជាការរំលេចពីជីវភាពរស់នៅរបស់សត្វតោដែលតែងធ្វើការងារជាក្រុម ហើយដែលជនជាតិចិនយល់ថា មានតែការគ្រប់គ្រងជាលក្ខណៈប្រព័ន្ធជាលក្ខណៈប្រទាក់ក្រឡាគ្នា ទើបទទួលបានជោគជ័យ ដូចជាអ្នកដែលរាំរបាំមានការស្រុះគ្នានៅគ្រប់ចលនាទាំងអស់ ហើយជនជាតិចិនយល់ថាមានតែយើងរួមគ្នាបន្ថែមពន្លឺដល់គ្នាទៅវិញទៅមក ទើបក្លាយជារស្មីបំភ្លឺផ្លូវកាន់តែចែងចាំង។
យោងតាមការស្រាវជ្រាវ ចំពោះប្រវត្តិមួយក្នុងចំណោមប្រវត្តិ ៤ នៃការកើតឡើងរបាំម៉ុងសាយ កាលពីព្រេងនាយមានរឿងដំណាលថា កាលពីរាប់រយឆ្នាំមកហើយ មានភូមិតូចមួយត្រូវគំរាមកំហែងនៅថ្ងៃចូលឆ្នាំថ្មី ដោយក្រុមចោរព្រៃដែលតែងខ្លួនជាសត្វព្រៃចម្លែកៗ។ ក្រុមចោរបានបន្លាចប្រជាជនឲ្យរត់ចេញពីផ្ទះ និងលួចរបស់របរ ព្រមទាំងដីស្រែចម្ការពួកគេផងដែរ។ ដោយសារអត់ឃ្លាន អ្នកភូមិក៏បានងើបឈរប្រឆាំងនឹងក្រុមចោរព្រៃមិនស្គាល់មុខនោះ និងបានបង្កើតសម្លៀកបំពាក់ក្លែងក្លាយមួយដែលតំណាងឲ្យម៉ុងសាយ (សិង្ហ ឬ តោ) រហូតក្លាយជាប្រពៃណីតរៀងមក៕
អត្ថបទ៖ CNC