មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម គាំទ្រការចិញ្ចឹមឃ្មុំបែបធម្មជាតិ និងអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាជួយទិញ ព្រោះជួយទាំងសុខភាព និងកសិផលខ្មែរ
ប៉ៃលិន៖ ក្នុងការចុះពិនិត្យកសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិនេះដែរ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងលើកទឹកចិត្តឱ្យកសិករបន្តពង្រីកការចិញ្ចឹម និងអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាគាំទ្រផលិតផលខ្មែរ ព្រោះបានទាំងសុខភាព និងជួយដល់កសិករតាមជនបទផងដែរ។ ការចុះពិនិត្យ កសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិនេះ ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានឹងមុខរបរចិញ្ចឹមឃ្មុំបែបធម្មជាតិនេះ កសិករម្នាក់ឈ្មោះ គ្រុយ សារិទ្ធ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់ចាប់ផ្តើមចិញ្ចឹមឃ្មុំនេះនៅដើមឆ្នាំ២០១៧ មានចំនួនតែ១០ធុងប៉ុណ្ណោះ តែបច្ចុប្បន្ននេះមានចំនួន រហូតទៅដល់១៣០ធុងឯណុះ និងអាចយកទឹកបាន ១ឆ្នាំ ១២តោនក្នុងតម្លៃលក់ដុំ៤ម៉ឺនរៀល ក្នុងមួយលីត្រ អាចផ្គត់ផ្គង់ទីផ្សារ និងជាទីពេញនិយមសំរាប់អតិថិជន។
លោក បន្តថា ការចិញ្ចឹមឃ្មុំបែបធម្មជាតិនេះលោកបានទៅរៀនបច្ចេកទេសពីប្រទេសវៀតណាម ហើយក៏បន្តចាប់ផ្តើមចិញ្ចឹមនៅទីតាំងដី របស់ខ្លួនដែលមានចម្ការមៀនប៉ៃលិន(តាង៉ែន)។ ហើយការចិញ្ចឹមឃ្មុំយកទឹកនេះដែរ យើងត្រូវយល់ពីផ្កាឈើព្រៃ ឬផ្កានៅតាមចម្ការតាង៉ែន ដូចជាចម្ការមានដើមតាង៉ែនផ្កាមាន ៥០០ដើម អាចយកធុងឃ្មុំដាក់ចំនួន១៥ធុងទេបើលើសពីនេះវាមិនសូវសំបូរទឹក។
ចំពោះបញ្ហាប្រឈមមានខ្លះៗដែរ ដូចជាយកទៅដាក់នៅតាមចម្ការតាង៉ែនដែលមានផ្កាតែដល់ពេលខាងម្ចាស់ចម្ការបាញ់ថ្នាំកម្ចាត់សត្វល្អិតមិនបានប្រាប់ នាំឱ្យវាពុលអស់កម្លាំង ឬអាចងាប់ក៏មាន ហើយប្រភេទឃ្មុំនេះវាមានសត្រូវ ជាមួយ ដូចជា ឱម៉ាល់ ស្រាំង អង្គ្រង ស្រមោច ព្រោះវាខាំឃ្មុំធ្វើអោយឃ្មុំវិនាស។
ជាមួយនឹងការចង់ពង្រីកការចិញ្ចឹមឃ្មុំនេះ លោកក៏សូមអំពាវនាវអោយពលរដ្ឋគាំទ្រទឹកឃ្មុំបែបធម្មជាតិមានឈ្មោះថា (ទឹកឃ្មុំភ្នំខៀវប៉ៃលិន) ព្រោះមានគុណភាពខ្ពស់ និងអនាម័យល្អមានការទទួលស្គាល់ពីគ្រប់ក្រសួងស្ថាប័នហើយម្យ៉ាងវិញទៀតទឹកឃ្មុំប្រភេទនេះគឺយកពីផ្កាឈើព្រៃធម្មជាតិសុទ្ធ ហើយនៅទឹកដីខេត្តប៉ៃលិននេះអំណោយផលផ្នែកធម្មជាតិ គឺទឹកឃ្មុំសុទ្ធល្អមានគុណភាពអនាម័យ និងមានកំហាប់ខ្ពស់ថែមទៀតផង៕
ដោយ ៖ សុខ វិច្ឆ័យ