សង្គម

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញឱ្យយុវជន ត្រូវរៀនជំនាញវិជ្ជាជីវៈយ៉ាងតិចមួយ ពិសេសលើផ្នែកជំនាញបច្ចេកវិទ្យា Digital ប្រកបដោយគុណភាព

image


បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលលោកសន្តិបណ្ឌិត សុខ ផល បានធ្វើការលើកទឹកចិត្តដល់យុវជន យុវនារីគ្រប់រូប ត្រូវចេះជំនាញវិជ្ជាជីវៈមួយយ៉ាងតិច ជាពិសេសត្រូវរៀនជំនាញបច្ចេកវិទ្យា Digital កុំព្យូទ័រ ប្រកបដោយគុណភាពពិតប្រាកដ ទើបអាចរកការងារធ្វើបាន ខណៈពេលបច្ចុប្បន្ន និងតទៅអនាគត បើមិនចេះជំនាញ និង Digital និងកុំព្យូទ័រទេ មានការលំបាកណាស់ ក្នុងការស្វែងរកទីផ្សារការងារ ។

ការថ្លែងលើកទឹកចិត្តនេះ ក្នុងពិធីប្រគល់កុំព្យូទ័រ ចំនួន៥០គ្រឿង ជូនសិស្សានុសិស្ស និងយុវជនឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង សម្រាប់ការបណ្តុះបណ្តាលបច្ចេកវិទ្យា កុំព្យូទ័រ ដោយឥតបង់ថ្លៃ ដែលជាអំណោយរបស់លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការបក្សឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកសន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា ការងារបណ្តុះបណ្តាលជំនាញកុំព្យូទ័រ Digital នេះ បាននិងកំពុងតែដើរស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា Digital ដើម្បីឈានទៅសម្រេចបានតាមចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

លោកសុខ ផល បានបន្តថា រហូតមកដល់ពេលនេះកុំព្យូទ័រចំនួន២៧៤គ្រឿងហើយ ដែលត្រូវបានប្រគល់ជូនដល់ឃុំទាំង៨ ក្នុងស្រុកបាណន់ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញកុំព្យូទ័រដល់យុវជន យុវនារី ដែលកំពុងត្រូវការរៀនជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យា Digital ក្រៅពីនេះសម្រាប់ស្រុកបាណន់ មានសិស្សានុសិស្ស ជាង២៨០០នាក់ហើយ ដែលបានចូលរៀនអាហារូបករណ៍ និងជំនាញបច្ចេកទេសនៅតាមវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ នៅខេត្តបាត់ដំបង ដូចជា ជំនាញសម្អាងការ កាត់ដេរ អ៊ុតសក់ ធ្វើក្រចក ផាត់មុខ ជាងជួសជុលរថយន្ត កុំព្យូទ័រ ម៉ាស៊ីនត្រជាក់ សំណង់ស៊ីវិលជាដើម ហើយសង្ឃឹមថា ស្រុកបាណន់ នឹងមានមូលធនមនុស្សច្រើនសម្រាប់កសាងជីវភាពរស់នៅរបស់ខ្លួនមានការរីកចម្រើន ក៏ដូចជារួមគ្នាធ្វើការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់យើងថែមទៀតផង ។

ក្នុងនាមយុវជន ដែលបានមកទទួលការបណ្តុះបណ្តាលជំនាញកុំព្យូទ័រ នាពេលនេះ លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំតាគ្រាម បានសំដែងនូវការអរគុណចំពោះ លោកសន្តិបណ្ឌិត សុខ ផល ដែលបានផ្តល់កុំព្យូទ័រចំនួន ៧០គ្រឿង សម្រាប់ថ្ងៃនេះចំនួន ៥០គ្រឿង ហើយកាលពីឆ្នាំទៅចំនួន២០គ្រឿង ដើម្បីជួយផ្តល់ចំណេះដឹងបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងការលើកស្ទួយចំពោះបច្ចេកទេសកុំព្យូទ័រដល់សិស្សានុសិស្សរាប់រយនាក់ ត្រៀមចូលរៀននៅទីនេះ ។

លោកបានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលវែងនិងខ្លី អំពីចំណេះដឹងបច្ចេកវិទ្យាកុំព្យូទ័រដោយមិនបង់ថ្លៃនេះ ត្រូវបានធ្វើឡើងសម្រាប់ប្រជាពលរដ្ឋទូទៅ យុវជនគ្រប់ស្រទាប់ សិស្សានុសិស្ស បានសិក្សារៀនសូត្របានដូចគ្នា ដែលជាការប្រយុទ្ធប្រឆាំងនូវភាពអក្ខរកម្មផ្នែក Digital កុំព្យូទ័រ ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជា អាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា Digital ៕

ដោយ៖ ឡាច សុគន្ធាវី