សង្គម

គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ជំរុញរដ្ឋាភិបាលប្រទេសទាំងពីរ ពន្លឿនជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេពៅ និងទន្លេសេឡាំប៉ាវ

image


ភ្នំពេញ៖ យោងតាមលទ្ធផលកិច្ចប្រជុំកំពូលលើកទី១៥ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានជួបប្រជុំកំពូលលើកទី១៥។ ជាលទ្ធផលគណបក្សទាំងពីរបានលើកទឹកចិត្ត និងជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាត់ចែងអនុវត្តសេចក្តីប្រកាសរួមរបស់នាយករដ្ឋមន្ត្រី កាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងការពន្លឿនជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពាន ឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ) ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបន្តពិភាក្សា និងសិក្សាលើទីតាំងជាក់ស្តែង ដើម្បីតភ្ជាប់ខេត្តទាំងពីរទៅថ្ងៃអនាគត។

លទ្ធផលកិច្ចប្រជុំកំពូលលើកទី១៥ បានឱ្យដឹងថា ក្រៅពីជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរពន្លឿនជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ) និងទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) គណបក្សទាំងពីរក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការពិនិត្យលទ្ធភាពនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតសម្រាប់ខេត្តអត្តពើ និងខេត្តរតនគិរី ផងដែរ។

បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាពខ្ពស់ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ដើម្បីឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរក្នុងការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ បានឯកភាពគ្នាជួបប្រជុំកំពូលលើកទី១៦ នៅកម្ពុជានៅឆ្នាំ២០២៦ ផងដែរ។​

សូមជម្រាបថា កិច្ចប្រជុំកំពូលលើកទី១៥ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សនៃគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ និងក្នុងស្មារតីជឿទុកចិត្តគ្នា ដើម្បីបន្តពូនជ្រុំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា៕

អត្ថបទ៖ សុភៈនារី