អធិការបតី និងប្រធានាធិបតីអាឡឺម៉ង់ នាំគ្នាបដិសេធទាំងស្រុង លើសំណើរបស់លោកត្រាំ ក្នុងការផ្លាស់ទីប្រជាជនចេញពីតំបន់ហ្គាហ្សា
អាឡឺម៉ង់៖ អធិការបតីអាឡឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) កាលពីថ្ងៃសុក្រ បាននិយាយថា លោកបានបង្ហាញការប្រឆាំងទាំងស្រុង ចំពោះបំណងរបស់សហរដ្ឋអាម៉េរិក ដែលចង់ឱ្យមានការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា (Gaza) ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតមួយនៅឯទីក្រុង ឡាតវីកស្ប៊ើក (Ludwigsburg) ភាគខាងលិចប្រទេសអាឡឺម៉ង់ លោកអធិការបតី ស្កូល (Scholz) បានលើកឡើងថា «អ្វីដែលលោកប្រធានាធិបតីត្រាំ (Trump) បានដាក់ចេញនោះ គឺជាអ្វីដែលខ្ញុំសូមធ្វើការបដិសេធទាំងស្រុង។ យើងមិនអាចផ្លាស់ប្តូរទីតាំងប្រជាជននៃតំបន់ហ្គាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប និងហ្សុកដានី បាននោះទេ" ។
លើសពីនេះ លោក ស្កូល (Scholz) បានលើកឡើងបន្ថែមទៀតដោយបានរិះគន់ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC ដោយលោកស្កូល បានគូសបញ្ជាក់ថា ទង្វើនេះ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ស្ថាប័នដ៏សំខាន់មួយ ។
ក្រៅពីលោកអធិការបតី លោក ហ្វ្រង់វ៉ល់ធ័រ ស្តាញម៉ាយអ័រ (Frank-Walter Steinmeier) ដែលជាប្រធានាធិបតីនៃប្រទេសអាឡឺម៉ង់ ក៏បានធ្វើការច្រានចោលដូចគ្នាដែរ ចំពោះសំណើររបស់លោកត្រាំ ក្នុងការផ្លាស់ទីប្រជាជនចេញពីតំបន់ហ្គាហ្សា ដោយការអធិប្បាយនេះ ធ្វើឡើងក្រោយលោកបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួគីយេ នាតំបន់មជ្ឈិមបូព៌ា ។
ស្ថិតនៅក្នុងរដ្ឋធានីប៊ែរឡាំង នៅក្នុងថ្ងៃតែមួយនេះ អ្នកនាំពាក្យក្រសួងការបរទេសអាឡឺម៉ង់ បាននិយាយថា ប្រទេសអាឡឺម៉ង់ នឹងនៅតែបន្តគាំទ្រដល់តុលាការ ICC បើទោះបីជាពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើនឹងមានទំហំប៉ះពាល់បែបណាមកលើ ICC ក្រោយរងទណ្ឌកម្មរបស់លោកត្រាំ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect/ Others
រូបភាព៖ Various Sources