ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងរិះគន់កិច្ចសហការយោធាត្រីភាគី អាម៉េរិក, ជប៉ុន, កូរ៉េខាងត្បូង ដោយសន្យាថានឹងបង្កើនផលិតអាវុធបរមាណូបន្ថែមទៀត

image


អាស៊ីខាងកើត៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ(KCNA) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការរិះគន់ទៅលើកិច្ចសហប្រតិបត្តិការយោធាត្រីភាគីប្រជាជាតិពោលគឺ សហរដ្ឋអាម៉េរិក ជប៉ុន ហើយនិងប្រទេសកូរ៉េខាងត្បូង ថាជាការបង្កើននូវភាពតានតឹងនៅក្នុងតំបន់ ខណៈដែលលោកគីមជុងអ៊ុន បានប្តេជ្ញាថានឹងមានវិធានការណ៍ជំទាស់ ដោយរាប់បញ្ចូលទាំងការអភិវឌ្ឍបន្ថែមទៀតនូវកម្លំាងអាវុធបរមាណូរបស់ខ្លួន។


លោក គីម ជុងអ៊ុនបានលើកឡើងប្រាប់ដល់គ្រឿងបំពងសម្លេងរបស់ខ្លួនថែមទៀតថា ការដាក់ពង្រាយនូវអាវុធបរមាណូជាយុទ្ធសាស្រ្ត ការធ្វើសមយុទ្ធ និងកិច្ចសហប្រតិបត្តិការយោធា ជាមួយនឹងប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាការធ្វើឱ្យមានអតុល្យភាពវិស័យយោធានៅក្នុងតំបន់ ហើយក៏ជាការបង្កើននូវការប្រកួតប្រជែងផ្នែកសន្តិសុខផងដែរ។


ចំណែកឯទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឯណោះវិញបានលើកឡើងនៅថ្ងៃចន្ទនេះថា ការលើកឡើងរបស់មេដឹកនំាកូរ៉េខាងជើង បានធ្វើឡើងនៅក្នុងឱកាសនៃការប្រារព្ធទិវាបង្កើតនូវកងទ័ពរបស់ខ្លួន ដោយលោក គីមជុងអ៊ុន បានធ្វើដំណើរទៅពិនិត្យមើលទីស្តីការក្រសួងការពារជាតិទៀតផង។


ងាកទៅមើល លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ត្រំាវិញ បន្ទាប់ពីមានកិច្ចប្រជុំកាលពីថ្ងៃសុក្រជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន ស៊ីជេរ៉ុ អ៊ីស៊ីបា(Shigeru Ishiba)នោះ លោកបានគូសបញ្ជាក់ថា លោកនឹងបង្កើតឱ្យមានកិច្ចទំនាក់ទំនងជាមួយនឹងប្រទេសកូរ៉េខាងជើង ស្របពេលដែលទំាងប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិកនៅតែបន្តបង្ហាញក្តីកង្វល់ជុំវិញកម្មវិធីអាវុធបរមាណូរបស់កូរ៉េខាងជើង។


គ្រឿងបន្ទរសម្លេងរបស់លោកគីម ជុងអ៊ុន ឯណោះវិញបានស្រង់ប្រសាសន៍របស់ប្រមុខដឹកនំាកូរ៉េខាងជើងដដែល បានរំលេចសារជាថ្មីម្តងទៀតថា “គោលនយោបាយឥតងាករ៉េ របស់កូរ៉េខាងជើងគឺត្រូវតែមានការអភិវឌ្ឍនូវកម្លំាងបរមាណូរបស់ខ្លួនឱ្យខានតែបាន”។


ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ីជាមួយនឹងអ៊ុយក្រែនឯណោះវិញ លោកគីមជុងអ៊ុន មិនភ្លេចគូសបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់លោកនោះទេ ដោយបានលើកឡើងបន្តទៀតថា “កងយោធា និងប្រជាជនកូរ៉េខាងជើង នឹងនៅតែបន្តគំាទ្រឥតស្រាកស្រាន្ត ក្នុងការលើកទឹកចិត្តដល់បុព្វហេតុយុត្តិធម៌របស់កងយោធា និងប្រជាជនរុស្ស៊ី ដើម្បីការពារដែនអធិបតេយ្យភាពរបស់ពួកគេ”។ លោកបន្ថែមទៀតថា នេះគឺជាការងារដែលត្រូវតែ “បន្តការថែរក្សានូវស្មារតីនៃសន្ធិសញ្ញស្តីពីភាពជាដៃគូយុទ្ធសាស្រ្តសព្វជ្រុងជ្រោយរវាងកូរ៉េខាងជើង និងរុស្ស៊ី”។


កាលពីខែមុន ប្រទេសកូរ៉េខាងត្បូងឯណេះ បានរាយការណ៍ថា គេសង្ស័យថា “កូរ៉េខាងជើងត្រៀមបញ្ជូនកងយោធាបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ីប្រមាណជា ១១,០០០នាក់ ដើម្បីចូលរួមការដាក់ពង្រាយនៅក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែនដែលមានរយៈពេល៣ឆ្នំាមកហើយ”៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters