សង្គម

សួន​ «ទឹករាំតាមចង្វាក់ភ្លេង​»​ នៅខេត្តកំត ចាប់ផ្តើមដំឡើងហើយ​ គ្រោងឱ្យរួចរាល់នៅមុនថ្ងៃចូលឆ្នាំខ្មែរ

image


កំពត៖ រដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ បានធ្វើពិធីបួងសួងសុំសេចក្តីសុខនៅបរិវេណសួនច្បារឆ្នេរព្រែកកំពង់បាយ ដើម្បីចាប់ផ្តើមដំណើរការដំឡើងឧបករណ៍ទឹករាំតាមបទភ្លេងអមដោយភ្លើងចម្រុះពណ៌ ដែលជាសមិទ្ធផលថ្មីមួយទៀត នៅកណ្តាលព្រែកកំពង់បាយ ក្រុងកំពត ត្រង់ចំណុចមុខសាលាខេត្ត និងនាឡិកាខ្នាតធំ។

យោងតាមការឱ្យដឹងពីមន្ត្រីជំនាញ​ ថា ឧបករណ៍ទឹករាំតាមបទភ្លេងអមដោយភ្លើងពណ៌​ នៅមុខសាលាខេត្តកំពត​ បានចាប់ផ្តើមដំណើរការដំឡើងហើយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥​ ហេីយគ្រោងនឹងបញ្ចប់នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ។

សូមបញ្ជាក់ថា​ សមិទ្ធផលថ្មីនេះ​ ជាកិច្ចខិតខំអភិវឌ្ឍរបស់អាជ្ញាធរខេត្តកំពត​ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ​ ដែលកន្លងមក​ បានបង្កើនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសោភ័ណភាព ពង្រឹងអនាម័យបរិស្ថានក្នុងក្រុង ការស្ថាបនាសួនច្បារសាធារណៈ ការសង់រូបសំណាកត្រីសេះសមុទ្របាញ់ទឹក ការបង្កើតនាឡិកាខ្នាតធំ និងការបង្កើតឆ្នេរខ្សាច់កម្សាន្ត​ ជាដើម។ ក្រៅពីនេះ​ រដ្ឋបាលខេត្តកំពតក៏មានគម្រោងសង់ស្ពានឆ្លងកាត់ព្រែកកំពង់បាយមួយបន្ថែមទៀត ដោយយកតាមរចនាបថខ្មែរបំពាក់ដោយថាមពលបំប្លែងពីកង្ហារខ្នាតធំចំនួន២ផងដែរ៕

អត្ថបទ៖ វង្ស សុធារម្យ