ប្រយ័ត្នស៊យធំ! ក្នុងថ្ងៃ«ទិវានៃក្ដីស្រឡាញ់» មិនគួរទិញកាដូ១៤យ៉ាងនេះជូនគូស្នេហ៍
 
                            
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ថ្ងៃទី១៤កុម្ភៈ «ទិវានៃសេចក្ដីស្រឡាញ់» ឬ Valentine day  
មនុស្សម្នាក់ៗ តែងគិតរកនូវកាដូណាមួយសម្រាប់ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន ជាពិសេសគូសង្សារតែម្ដង។ ជាមួយគ្នាដែរ ជំនឿរបស់មនុស្សម្នាក់ៗគឺផ្សេងៗ គ្នា អ្នកខ្លះមិនបានគិតច្រើនឡើយឲ្យតែកាដូនោះស្រស់ស្អាត មានប្រយោជន៍ និងមើលទៅសមរម្យ ពួកគេនឹងជ្រើសទិញជូនមនុស្សជាទីស្រឡាញ់។  
 
តែយ៉ាងណាមិញ បើយោងតាមការស្រាវជ្រាវមានកាដូចំនួន ១៤យ៉ាង ដែលគេហាមប្រាម និងមានជំនឿមិនឲ្យគូស្នេហ៍ទិញជូនគ្នាឡើយ ដោយសារវាអាចមានរឿងមិនល្អកើតឡើង និងអាចនាំឲ្យបែកបាក់គ្នាទៀតផង។ 
 
១- ផ្កាកុលាបខ្មៅ៖ ជំនឿបុរាណជឿថា ការផ្តល់ផ្កាកុលាបខ្មៅជាអំណោយ ប្រៀបដូចជាការបង្ហាញពីទុក្ខព្រួយ។ ដូចជាពណ៌ខ្មៅគឺជាពណ៌នៃភាពសោកសៅដែរ។ 
 
២- ផ្កាកាត់៖ ផ្កាកាត់គឺតំណាងឲ្យបុណ្យសព ហេតុនេះហើយកុំជូនផ្កាក្នុងថ្ងៃបុណ្យពិសេសនេះឲ្យសោះ ជាពិសេសផ្កាពណ៌ស។ 
 
៣-ស្បែកជើង៖ គេជឿថា បើសិនគូស្នេហ៍ទិញស្បែកជើងឲ្យនឹងធ្វើឲ្យបែកបាក់គ្នា ព្រោះស្បែកជើង វាត្រូវតែនៅ ១គូៗ ដូច្នេះហើយទើបសម្រាប់មនុស្សដែលជាសង្សារនឹងគ្នា តែមិនទាន់បាននៅជាមួយគ្នាជាគូ ធ្វើឲ្យស្បែកជើងបានក្លាយប្រផ្នូលមិនល្អ ដែលអាចធ្វើឲ្យឃ្លាតឆ្ងាយពីគ្នា ឬបែកបាក់គ្នាបាន។ 
 
៤-សម្លៀកបំពាក់ពណ៌ខ្មៅ៖ ហាមឲ្យសម្លៀកបំពាក់ឈុតដែលមានពណ៌ខ្មៅ ធ្វើជាកាដូជូនគ្នាជាដាច់ខាត ព្រោះមនុស្សចាស់បុរាណគេប្រកាន់ មិនថាតែអាវ ខោ សំពត់ ឬកន្សែងបង់កក៏ដោយ ព្រោះមនុស្សចាស់ទុំ លោកតែងតែប្រដៅជាប់ជានិច្ចថា បើយើងជូនឈុតខ្មៅទៅនរណាម្នាក់ យើងច្បាស់បានទៅចូលរួមពិធីបុណ្យសពអ្នកនោះមិនខាន។ 
 
៥-នាឡិកា៖ ចំណុចនេះ ចេញមកបែបកាន់តំណមខ្លាំងជាង ព្រោះមនុស្សជាច្រើននាំគ្នាជឿខ្លាំងណាស់ថា បើសិនគូសង្សារទិញនាឡិកាឲ្យនឹងធ្វើឲ្យរយៈពេលដែលសេពគប់គ្នា អាចនឹងត្រូវបញ្ចប់ នៅពេលដែលនាឡិកានោះឈប់ដើរ មិនថាដោយសារមូលហេតុអ្វីក៏ដោយ។ 
 
៦-ទឹកអប់៖ បើមិនជឿ កុំប្រមាថ ព្រោះមានមនុស្សជាច្រើនដែលគេជឿ បើទិញទឹកអប់ជាកាដូជូនសង្សារ នឹងនាំឲ្យសេចក្ដីស្នេហារបស់អ្នក អាចនឹងរសាយរលាយ ដូចក្លិនទឹកអប់ដែលហើរបាត់អស់ទៅតាមពេលវេលាដូច្នេះដែរ។ 
 
៧-រូបថត៖ រូបថតម្នាក់ឯងរបស់ខ្លួនឯង ប្រៀបដូចជាការឲ្យរូបទុកមើលជាទីនឹករឭក នៅពេលបែកពីគ្នាដូច្នោះដែរ។ តំណម ១នេះ មនុស្សជាច្រើនធ្លាប់ជួបមកហើយ ដូច្នេះ បើអ្នកណាមិនចង់ឲ្យរឿងដដែលបែបនេះកើតឡើងម្ដងទៀត ចូរចៀសវាងឲ្យខាងតែបាន។ 
 
៨-កន្សែងជូតមុខ៖ កន្សែងជូតមុខ ភាគច្រើនគេប្រើវាសម្រាប់ធ្វើអ្វី? អ្នកទទួលបានកាដូនេះ ក៏ត្រូវតែប្រើប្រាស់វាយ៉ាងនោះដែរ។ អ្នកទទួលបានកន្សែងជូតមុខ ភាគច្រើន នឹងយកទៅជូតទឹកភ្នែកផងដែរ ដូច្នេះ អ្នកណាដែលមិនចង់ស្រក់ទឹកភ្នែក ចូរចៀសវាងការជូនកាដូជាកន្សែងជូតមុខជាដាច់ខាត។ 
 
៩- ផលិតផលធ្វើពីកែវ៖ កាដូមួយនេះ មនុស្សជាច្រើនប្រហែលជាធ្លាប់ទទួលបានញឹកញាប់ រហូតក្លាយជាកាដូដែលធម្មតាៗអស់ទៅហើយ តែតាមជំនឿវិញនោះ បើសិនជាចៃដន្យផលិតផលធ្វើពីកែវនោះ វាបែក នោះនឹងមានន័យពីសម្ព័ន្ធភាពរបស់អ្នកទាំង២ នឹងដល់ពេលបែកបាក់ដូចគ្នាដែរ។ 
 
១០- វត្ថុមុតស្រួច៖ របស់មុតស្រួច ដាវ ប្រដាប់ប្រដាក្មេងលេង សូមកុំផ្ដល់ជាអំណោយ ព្រោះវានឹងធ្វើឲ្យអ្នកទទួលរងគ្រោះថ្នាក់ ជួបគ្រោះអាក្រក់។ 
 
១១- ក្រាស់សិតសក់៖ ប្រសិនបើយើងផ្តល់សិតសក់ដល់មិត្តស្រី ឬមិត្តណាមួយ នោះវានឹងធ្វើឲ្យទំនាក់ទំនងរបស់យើងហើយគាត់ត្រូវតែដាច់ពីគ្នាដូចជាធ្មេញរបស់សិតសក់ខ្លួនឯង។ 
 
១២- ខ្សែក៖ ខាងក្រៅអាចមើលទៅស្រស់ស្អាត ក៏ប៉ុន្តែនៅខាងក្នុងមានអត្ថន័យឈឺចាប់។ ដោយសារគេជឿថា ការជូនអំបោះដល់អ្នកណាម្នាក់នឹងចាក់ទម្លុះបេះដូង ធ្វើឲ្យមានការឈឺចាប់ ជម្លោះជាមួយអ្នកទទួលនោះ។ 
 
១៣- ម្ជុលខ្ទាស់ ឬកន្លាស់ខ្ទាស់លម្អ៖ បង្កប់ទៅដោយអត្ថន័យដ៏សែនឈឺចាប់ ព្រោះគេជឿថា បើសិនជាជូនម្ជុលខ្ទាស់ ឬកន្លាស់ខ្ទាស់លម្អទៅអ្នកណា នឹងក្លាយជាការចាក់ដោតបេះដូង សាងក្ដីឈឺចុកចាប់ ទាស់ទែងទៅអ្នកដែលបានទទួលនោះមិនខាន។ 
 
១៤- ឆត្រ៖ ការជូនអំណោយជាឆត្របានន័យថាអ្នកចង់បែកគ្នា ឬចង់កាត់ផ្តាច់ចំណងមិត្តភាពជាមួយបុគ្គលម្នាក់នោះហើយ។ 
 
សូមបញ្ជាក់ជូនថា ខាងលើនេះគ្រាន់តែជាជំនឿ និងការហាមប្រាមដែលមនុស្សបានផ្ដាំតៗគ្នាប៉ុណ្ណោះ ប៉ុន្ដែចំណងស្នេហ៍អាចបន្ដនិរន្តរភាពយូរអង្វែងគឺអាស្រ័យលើកត្ដាបុគ្គល និងផ្សេងៗទៀត៕
 
អត្ថបទ៖ CNC 
 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                