សមត្ថកិច្ចរាជធានីភ្នំពេញ បញ្ជាឱ្យស្រាវជ្រាវបន្ទាន់ករណី Logo បិទលើរថយន្តដឹកទំនិញ និងរថយន្តដឹកដី
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវបន្ទាន់ ក្រោយធ្លាយព័ត៌មានថាមាន Logo មួយចំនួន បានបិទលើរថយន្តដឹកទំនិញ និងរថយន្តដឹកដី ដើម្បីទទួលបានសិទ្ធិអាទិភាពចេញចូលក្រុង និងស្រួលបើកបរពេលជួបគោលដៅនគរបាលចរាចរណ៍នីមួយៗ។
ការចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក្រោយមានព័ត៌មានមួយចំនួន ត្រូវបានទម្លាយថា សម្រាប់រថយន្តដឹកទំនិញ ឡានដឹកដី ដឹកខ្សាច់ ជាដើម ម្ចាស់ស្វែងរកស្លាក Logo មកបិទលើរថយន្តរបស់ខ្លួននោះ មានភាពងាយស្រួលចេញចូលក្រុង ហើយតាមគោលដៅចរាចរណ៍ដែលកម្លាំងនគរបាលឈរជើង មានភាពងាយស្រួល ពោលគឺ គ្រាន់តែឃើញស្លាក Logo ទាំងនេះ មិនសូវជាចាប់អារម្មណ៍ និងមិនចាប់ផាកពិន័យនោះឡើយ បើទោះបីរកឃើញពេលខ្លះបានល្មើសចរាចរណ៍ក៏ដោយ។
តាមការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួន បានឱ្យដឹងថា តាមពិត Logo បិទលើរថយន្តនេះមានយូរណាស់មកហើយ ដែលអាចផ្តល់សិទ្ធិអាទិភាពសម្រាប់ការដឹកទំនិញផ្សេងៗចូលក្រុង ទោះម៉ោងហាមឃាត់ក៏ដោយ ដែលផ្តល់ភាពងាយស្រួលដល់អ្នករកស៊ីដឹកទំនិញ ពោលគឺ គ្រាន់តែបង់លុយប្រចាំខែជូនអ្នងម៉ៅស្លាក Logo នេះ រួចជាការស្រេច៕
ដោយ៖ ម៉ៅ នរិទ្ធិយ៉ា