សម្តេច ឃួន សុដារី នឹងដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៣ នៅថ្ងៃទី១៨ ខែកុម្ភៈ ពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ តាមសំណើរាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើរបៀបវារៈប្រជុំរួមមាន៖ ១-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ជលផល។ ២-ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀប វារៈសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិ កាលទី៧ នូវ៖ ២.១-សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ២.២-សេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ និង ៣-ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈទី១៤ ទី១៥ ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ដើម្បីបន្តសម័យប្រជុំរដ្ឋសភា លើកទី៣នីតិកាលទី៧។
ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងលោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណ:កម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ព្រម ទាំងលោកបណ្ឌិតលី ឆេង អនុប្រធានគណៈ កម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
សូមជម្រាបថាកិច្ចប្រជុំរវាងគណ:កម្មការជំនាញរបស់រដ្ឋសភាជាមួយតំណាងរាជរដ្ឋាភិបាលនាកាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៥ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ៖១-ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
និង២-ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។
គួររំលឹកថាគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់ ស្តីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈ ពេលនៃការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ។ សេចក្តីព្រាងច្បាប់ថ្មីដែលមានមាត្រា ចំនួន ៧ សង្កត់ធ្ងន់លើការដំឡើងកម្រិតទោស ដូចជាការដាក់នទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០ លានរៀល។
ការដំឡើងកម្រិតទោសនេះ មានគោលដៅធានាការពារនូវឧត្តមភាព និងកិត្យានុភាពនៃសេចក្តីសម្រេចស្ថាពរ និងបេសក កម្មជាប្រវត្តិសាស្ត្ររបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពិសេសគឺផ្តល់យុត្តិ ធម៌ដល់ជនរងគ្រោះ និងទប់ ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះអាចវិល មកវិញនៅកម្ពុជា។
ចំណែកឯសេចក្តីព្រាងច្បាប់ស្តីពីការចាត់ ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះ អាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀតនិងការពារផល ប្រយោជន៍សាធារណៈ៕
អត្ថបទ៖ វង សុភ័ក្ត្រ
ការីថត៖ ប៉ក់ សុខឃីម