ការនាំចេញរបស់កម្ពុជា បានកើនឡើង ១៧,៣% ក្នុងខែមករា ឆ្នាំនេះ បើទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសកលក៏ដោយ
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ក្នុងខែមករា ឆ្នាំ២០២៥ បើទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលជំរុញដោយការផ្លាស់ប្តូររចនាសម្ព័ន្ធពាណិជ្ជកម្មអន្តរជាតិ គោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក និងសម្ពាធអតិផរណាខ្ពស់នៅក្នុងទីផ្សារនាំចេញសំខាន់ៗមួយចំនួនក៏ដោយ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាឈានដល់ ២,៣ពាន់លានដុល្លារអាម៉េរិក ក្នុងខែមករា កើនឡើង ១៧,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ទន្ទឹមនឹងនោះ ការនាំចូលបានកើនឡើង ៣១,៦% នៅក្នុងខែមករាឆ្នាំនេះ ឈានដល់ ២,៧៥ពាន់លានដុល្លារអាម៉េរិក។
លទ្ធផលនាំចេញដ៏រឹងមាំនេះ បានបង្ហាញពីភាពធន់របស់កម្ពុជា ក្រោមកិច្ចប្រឹងប្រែងក្នុងការបន្តពង្រឹងភាពប្រកួតប្រជែងនៃការនាំចេញរបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ការកែលម្អភ័ស្តុភារ និងការធ្វើពិពិធកម្មទីផ្សារនាំចេញ។
វិស័យសំខាន់ៗដូចជា វាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, ផលិតផលកម្មន្តសាសលមិនមែនកាត់ដេរ និងផលិតផលកសិកម្ម បានរួមចំណែកយ៉ាងសំខាន់ដល់កំណើននេះ។
ទីផ្សារសំខាន់ៗ ដែលបញ្ជាទិញទំនិញពីកម្ពុជា មានកំណើនខ្ពស់នៅក្នុងខែដំបូងនេះ គឺសហរដ្ឋអាម៉េរិក និងតំបន់ចាយប្រាក់អឺរ៉ូ ខណៈការនាំចេញទៅប្រទេសចិន និងប្រអាស៊ានមួយចំនួន ដូចជា វៀតណាម ថៃ ឥណ្ឌូណេស៊ី និងសិង្ហបុរី បានធ្លាក់ចុះយ៉ាងខ្លាំង។
ជាមួយនឹងការនាំចេញ និងការនាំចូលកើនឡើង ទំហំពាណិជ្ជកម្មរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំនៅក្នុងប៉ុន្មានខែខាងមុខ ដែលត្រូវបានគាំទ្រដោយសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)។
ទោះជាយ៉ាងណាក៏ដោយ អ្នកបង្កើតគោលនយោបាយ និងអ្នកធុរកិច្ច គួរបង្កើនការប្រុងប្រយ័ត្ន ចំពេលមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកដែលកំពុងបន្ត។ ដោយកម្ពុជា គួរតែស្វែងរកហានិភ័យដែលអាចកើតមាន រួមទាំងការប្រែប្រួលនៃតម្រូវការសកល សម្ពាធនៃអត្រាប្តូរប្រាក់ និងការវិវត្តនៃគោលនយោបាយពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដែលអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ ២០២៥នេះ នឹងសម្រេចបានក្នុងអត្រាកំណើន ៦,៣% ដែលគាំទ្រដោយវិស័យឧស្សាហកម្ម នឹងបន្តនិន្នា ការកើនឡើងក្នុងរង្វង់ ៨,៦%, វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងវិស័យកសិកម្ម នឹងមានការកើនឡើង ១,១% នៅក្នុងឆ្នាំនេះ៕
អត្ថបទ៖ សៀម ប៊ុនធី