សង្គម

ក្រសួងវប្បធម៌ ណែនាំឲ្យបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃទាំងនោះ

image





ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការណែនាំ ដល់អ្នកសិល្បៈនិងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ បញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រសួង ក៏អំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម បញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយបញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមាន ទាំងនោះក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួង នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន។

ទន្ទឹនឹងនេះ ក្រសួងវប្បធម៌​ សង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួម សហការអនុវត្តតាមសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕

អត្ថបទ៖ CNC