លោកឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់ជាក្រុមខុសច្បាប់ ឬក្រុមជនបរទេស ដែលធ្វើការកម្ចីតាមអនឡាញ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយ សូមប្តឹងសមត្ថកិច្ច
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិតនៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។ ការណែនាំដូចនេះ ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។
យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យបែងចែកឱ្យដាច់រវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ ត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា