មនុស្ស២៦០នាក់ដែលសង្ស័យថាជាប់ក្នុងមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា ត្រូវបានបញ្ជូនទៅកាន់ប្រទេសថៃ
មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ កងទ័ពប្រជាធិបតេយ្យពុទ្ធសាសនិកការ៉ែន ឬហៅកាត់ថា DKBA ដែលជាក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ (ទី១២ ខែកុម្ភៈ) បានធ្វើការបញ្ជូនមនុស្សដែលមានសញ្ជាតិផ្សេងៗគ្នា ប្រមាណជា ២៦០ នាក់ដែលគេសង្ស័យថាជាប់នៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ឱ្យទៅកាន់ព្រំដែនប្រទេសថៃ ។
កាលពីសប្ដាហ៍មុន ប្រទេសថៃ បានផ្ដាច់បណ្ដាញផ្គត់ផ្គង់ថាមពលអគ្គិសនី សេវាអ៊ីនធើណិត និងប្រេងឥន្ទនៈនៅតាមតំបន់ព្រំដែនចំនួន៥ ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់មជ្ឈមណ្ឌលបោកប្រាស់ ដែលបានក្លាយជាក្ដីកង្វល់ផ្នែកសន្តិសុខកាន់តែខ្លាំងឡើងៗ ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០២៣ បានឱ្យដឹងថា ប្រតិបត្តិការបោកប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅតាមបណ្ដោយព្រំដែនថៃឡង់ដ៍-មីយ៉ាន់ម៉ា ត្រូវគេសង្ស័យថា បានបង្ខំមនុស្សរាប់សែននាក់ ឱ្យធ្លាក់ខ្លួនចូលរួមនៅក្នុងប្រតិបត្តិការអនឡាញខុសច្បាប់ ដែលបានទាញយកថវិកាពីជនរងគ្រោះក្នុងទំហំរាប់ពាន់លានជារៀងរាល់ឆ្នាំ ។
ជនរងគ្រោះប្រមាណជា ២៦០នាក់ ដែលទទួលបានការជួយសង្គ្រោះខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់សាលាស្រុកផុបផ្រា (Phop Phra) ក្នុងប្រទេសថៃ ដើម្បីពិនិត្យសុខភាព មុនពេលឆ្លងកាត់នីតិវិធីជាបន្ត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណត់របស់ពួកគេវិញរៀងៗខ្លួន នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect