ព័ត៌មានអន្តរជាតិ

ចិនជំរុញឱ្យអាម៉េរិក បញ្ឈប់គំនិតចង់ចំណេញតែខ្លួនឯង ក្រោយលោកត្រាំបង្កើនពន្ធ ២៥% លើដែកថែបនិងអាលុយមីញ៉ូម

image


ចិន៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានធ្វើការរិះគន់សហរដ្ឋអាម៉េរិក ចំពោះការសម្រេចចិត្តកាលពីពេលថ្មីៗនេះ ក្នុងការបង្កើនពន្ធយ៉ាងខ្លាំងលើការនាំចូលផលិតផលដែកថែប និងអាលុយមីញ៉ូម។ ជុំវិញការលើកឡើងនេះ ក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យសហរដ្ឋអាម៉េរិក បោះបង់ “គំនិតដែលចង់ចំណេញតែខ្លួនឯង ហើយធ្វើឱ្យអ្នកផ្សេងលំបាក” នេះចោលទៅ។ មន្ត្រីចិនលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីដើមសប្ដាហ៍នេះ បានកំណត់ដំឡើងពន្ធ ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដោយមិនមានការលើកលែងឡើយ ។

កាលពីថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) លោកត្រាំ (Trump) បានបង្កើនពន្ធយ៉ាងច្រើនលើការនាំចូលផលិតផលដែកថែប និងអាលុយមីញ៉ូម ដោយដំឡើងពី ១០% ទៅ ២៥%។ សេចក្ដីសម្រេចរបស់លោកត្រាំ មានបំណងគាំទ្រដល់ឧស្សាហកម្មដែកថែបរបស់សហរដ្ឋអាម៉េរិក ដែលកំពុងជួបប្រទះនូវផលលំបាក ប៉ុន្តែចំណាត់ការរបស់លោកនាពេលនេះ បានបង្កើននូវក្ដីព្រួយបារម្ភអំពីជម្លោះពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី ហឺ យ៉ុងឈៀន (He Yongqian) នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានហៅចំណាត់ការរបស់លោកត្រាំ ថាជា «វិធានការឯកតោភាគីនិយម និងគាំពានិយម» ហើយបានជំរុញឱ្យសហរដ្ឋអាម៉េរិក “គួរគិតពិចារណាឡើងវិញនូវសកម្មភាពរបស់ខ្លួន” ។

ទន្ទឹមនឹងនោះ ទូរទស្សន៍ CCTV បានចេញផ្សាយនូវសេចក្ដីរាយការណ៍ពីសមាគមដែក និងលោហធម្មជាតិ ដែលបានក្រើនរម្លឹកថា ការដំឡើងពន្ធ ២៥% ចំពោះការនាំចេញដែកថែប និងអាលុយមីញ៉ូម ទៅកាន់សហរដ្ឋអាម៉េរិក នឹងជះឥទ្ធិពលអវិជ្ជមានដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មដែកសកល រួមទាំងឧស្សាហកម្មដែករបស់ប្រទេសចិនផងដែរ ។

ទូរទស្សន៍ CCTV បានបន្ថែមទៀតថា វិធានការនេះ គ្រោងនឹងចាប់ផ្តើមចូលជាធរមាននៅខែមីនា នឹងអនុវត្តចំពោះការនាំចូលផលិតផលដែកថែប និងអាលុយមីញ៉ូមរាប់លានតោន ពីប្រទេសកាណាដា ប្រេស៊ីល ម៉ិកស៊ិកកូ កូរ៉េខាងត្បូង និងប្រទេសផ្សេងៗទៀត ដែលធ្លាប់នាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយរួចពន្ធ ក្រោមការលើកលែងពន្ធកាលពីពេលមុន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Various Sources