អាជ្ញាធរខេត្ត អំពាវនាវដល់អាជីវករ សូមកុំលក់ទំនិញខូចគុណភាព និងហួសសុពលភាព ខណៈទំនិញបែបនេះជិត៣តោន ត្រូវបានដុតកម្ទេចចោលនៅខេត្តបាត់ដំបង
បាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក ផេង សិទ្ធី បានធ្វើការអំពាវនាវហើយអំពាវនាវទៀត ទៅដល់ក្រុមអាជីវករនៅតាមផ្សារនានា និងតាមសាលារៀន សូមកុំលក់ទំនិញខូចគុណភាព និងហួសសុពលភាព ខណៈទំនិញបែបនេះជិត៣តោន ត្រូវបានដុតកម្ទេចចោលនៅខេត្តបាត់ដំបង ។
សារអំពាវនាវនេះ បានធ្វើឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងពេលដែលមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង បាននាំយកទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព សរុបទាំងអស់ ២,៨១៥ គីឡូក្រាម ដែលបានដកហូតនៅតាមទីផ្សារ និងផ្ទះលក់ទំនិញនៅក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៤កន្លងមក យកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាម ស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលពីលោកព្រះរាជអាជ្ញារង មន្ត្រីមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ជាច្រើនទៀត ។
លោក ផេង សិទ្ធី ក្នុងនាមជាតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកទឹកចិត្តដល់មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង ដែលបានសហការល្អជាមួយគ្រប់ផ្នែកពាក់ព័ន្ធជាច្រើនទៀត ក្នុងខេត្តបាត់ដំបង បានចុះបំពេញការងារត្រួតពិនិត្យជាប្រចាំលើមុខទំនិញ និងម្ហូបអាហារផ្សេងទៀត ព្រមទាំងរុករកដើម្បីបង្រ្កាបនូវទំនិញណា ដែលគ្មានគុណភាព ឬហួសសុពលភាពប្រើប្រាស់ សូមបន្តធ្វើកិច្ចនេះឱ្យបានច្រើន និងច្រើនទីតាំងផ្សារនានាក្នុងខេត្ត ក៏ដូចជាហាងទំនិញតូចធំផ្សេងទៀត ដើម្បីជួយថែរក្សាសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា ។
លោក អភិបាលរងខេត្តបាត់ដំបង បានធ្វើសំណូមពរដល់ប្រជាពលរដ្ឋជាអាជីវករនៅតាមទីផ្សារ ពិសេសនៅតាមសាលារៀន តាំងពីថ្នាក់មត្តេយ្យសិក្សារហូតដល់បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យ ត្រូវលក់ទំនិញ ដែលមានគុណភាព មានកាលបរិច្ឆេទត្រឹមត្រូវ ច្បាស់លាស់ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ ជាពិសេសកុមារ សិស្សានុសិស្ស និងយុវវ័យ ដែលជាអនាគតនឹងក្លាយជាធនធានមនុស្សរបស់កម្ពុជា ជាអ្នកបន្តវេនយ៉ាងពិតប្រាកដ ។
ចំពោះប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង លោក គឹម ប្រុស បានបញ្ជាក់ដែរថា តាមរយៈនៃសកម្មភាពចុះត្រួតពិនិត្យរបស់មន្ត្រីសាខា នៅតាមទីផ្សារ និងហាងលក់ទំនិញផ្សេងៗទៀត ឃើញថា ក្រុមអាជីវករលក់ដូរមានការយល់ដឹងច្រើនអំពីបញ្ហាទំនិញខូចគុណភាព ទំនិញហួសសុពលភាពនៃការប្រើប្រាស់ គឺមិនសូវមានដាក់តាំងលក់ទេ មានដែរតែមានតិចតួចបំផុត បើប្រៀបធៀបកាលពីពេលមុនៗមក ជាពិសេសប្រជាពលរដ្ឋយើង ក៏មានការយល់ដឹងច្រើនអំពីការពិនិត្យនេះផងដែរ ។
យ៉ាងណាក៏លោកប្រធានសាខា បានលើកទឹកចិត្តឱ្យមានការចូលរួមបែបនេះទៀត ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួនផង និងសុខភាពសាធារណៈផងដែរ ៕
ដោយ៖ គួយ គឹមស៊ន