ព័ត៌មានអន្តរជាតិ

បារាំងជំរុញឱ្យរដ្ឋាភិបាលអន្តរកាលរបស់ស៊ីរី ចូលរួមជាមួយសម្ព័ន្ធភាពអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម

image


បារាំង៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរី ពិចារណាចូលរួមជាដៃគូនៅក្នុងសម្ព័ន្ធភាពអន្តរជាតិដែលមានសមាជិកសរុបជាង ៨០ប្រទេស សម្រាប់បេសកកម្មប្រយុទ្ធប្រឆាំងនឹងចលនារដ្ឋឥស្លាម ដើម្បីការពារប្រទេសស៊ីរី ឱ្យមានអស្ថិរភាពដើម្បីធានាដល់ដំណើរការផ្លាស់ប្តូរជាវិជ្ជមាននៅថ្ងៃខាងមុខ។

លោក Macron បានធើ្វការអំពាវនាវនេះ ក្នុងឱកាសសន្និសីទអន្តរជាតិនៅទីក្រុងប៉ារីស ក្រោមវត្តមានរបស់រដ្ឋមន្រ្តីការបរទេសស៊ីរី លោក Asaad Hassan al-Shibani និងក្រុមមេដឹកនាំសំខាន់ៗដទៃទៀតទាំងក្នុងតំបន់និងលើពិភពលោក ដោយបានផ្តោតការពិភាក្សារិះរកវិធីសាស្រ្ត ដើម្បីធានាស្ថានការណ៍សន្តិសុខក្នុងប្រទេសស៊ីរី ដែលទើបបានងើបផុតពីវិបត្តិសង្គ្រាមរ៉ាំរ៉ៃ ស្របពេលសភាពការណ៍នៅតំបន់មជ្ឈិមបូព៌ាទាំងមូល កំពុងត្រូវបានញាំញីដោយសារតែបញ្ហាជម្លោះរវាងអ៊ីស្រាធអែល និងក្រុមប្រដាប់អាវុធដែលទទួលបានការគាំទ្រពីប្រទេសអ៊ីរ៉ង់។

គួរជម្រាបថា នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលអន្តរកាលថ្មីរបស់ប្រទេសស៊ីរី បានបញ្ជូនប្រមុខការបរទេសរបស់ខ្លួនទៅកាន់ទឹកដីអឺរ៉ុប គិតចាប់តាំងពីអតីតរបបដឹកនាំចាស់របស់លោកបាសា អាល់-អាសាដ បានដួលរលំកាលពីខែធ្នូ បន្ទាប់ពីលោកប្រធានាធិបតី Emmanuel Macron បានអញ្ជើញមេដឹកនាំថ្មីរបស់ស៊ីរី គឺលោក អាម៉េដ អាល់-សារ៉ា (Ahmed al-Sharaa) ទៅបំពេញទស្សនកិច្ចក្នុងប្រទេសបារាំង។

ថ្លែងនៅក្នុងសន្និសីទខាងលើ លោកប្រធានាធិបតី Macron បាននិយាយថា រដ្ឋាភិបាលបារាំង បានត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសស៊ីរីក្នុងការដោះស្រាយបញ្ហាក្រុមភេរវកម្ម និងបញ្ចៀសកុំឱ្យអ៊ីរ៉ង់ប្រើប្រាស់ទឹកដីប្រទេសមួយនេះ បង្កើតចលនាប្រដាប់អាវុធប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច ។

លោក Macron បានជំរុញឱ្យប្រទេសស៊ីរី ត្រូវខិតខំបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមអង្គការភេរវកម្ម ដែលបង្កភាពចលាចលក្នុងប្រទេសស៊ីរី និងមានបំណងប្រើប្រាស់ទឹកដីប្រទេសមួយនេះដើម្បីវាយប្រហារលើប្រទេសជិតខាង។ លោក Macron បានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករថាជាកិច្ចការអាទិភាពរបស់រដ្ឋាភិបាលស៊ីរីថ្មី និងបានជំរុញឱ្យប្រទេសមួយនេះ ចូលរួមបេសកកម្មជាមួយកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិ ដែលមានមូលដ្ឋានក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃចលនារដ្ឋឥស្លាមជ្រុលនិយម៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters