អនុរដ្ឋលេខាធិការក្រសួងអប់រំ៖ ចាប់តាំងពីឆ្នាំ១៩៩៤មក ប្រជាជនកម្ពុជាប្រមាណ២១.៨០០នាក់ ទទួលឱកាសទៅបន្តការសិក្សា នៅប្រទេសអូស្ត្រាលី
ភ្នំពេញ៖ លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៤មក មានប្រជាជនកម្ពុជាប្រមាណ២១.៨០០នាក់ទទួលឱកាសទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីគ្រប់កម្រិត និងបានត្រឡប់មកវិញជាមួយនឹងចំណេះដឹង ជំនាញ និងបណ្តាញអន្តរជាតិដែលមិនអាចកាត់ថ្លៃបាន។ លោករដ្ឋលេខាធិការ ចាត់ទុកកម្មវិធីអាហារូបករណ៍អូស្ត្រាលីគឺជាជំហានមួយសម្រាប់ការផ្លាស់ប្តូរទាំងបុគ្គល ស្ថាប័ន និងសង្គមជាតិ។
ថ្លែងនៅក្នុងកម្មវិធីអាហារូបករណ៍ Australia Awards Scholarships Intake 2026 ដែលបានប្រព្រឹត្តឡើង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលវប្បធម៌សម្ដេច ហ៊ុន សែន និងលោកជំទាវ នៃវិទ្យាស្ថានជាតិអប់រំ លោក សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ អូស្ត្រាលីគឺជាដៃគូដ៏រឹងមាំមួយនៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា ដោយបានចាប់ផ្តើមជាមួយនឹងការគាំទ្រក្រោមផែនការកូឡំបូ ដែលជួយស្រោចស្រង់ និងកសាងកម្ពុជាឡើងវិញក្រោយសង្គ្រាមស៊ីវិល។
លោក សោម រតនា ចាត់ទុកកម្មវិធី Australia Award ជាកម្មវិធីមួយដែលបានផ្តល់ឱកាសស្មើគ្នាសម្រាប់ស្ត្រី និងបុគ្គលមានពិការភាព តាមរយៈការផ្តល់ឱកាសឱ្យពួកគេទទួលបានអប់រំដែលមានគុណភាពនៅក្រៅប្រទេស ដែលនេះគឺជាការលើកម្ពស់និងពង្រឹងអំណាចយ៉ាងមានប្រសិទ្ធភាព។
នៅក្នុងឱកាសប្រកាសបើកកម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំ២០២៦នេះដែរ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា ក្នុងចំណោមបេក្ខជន១.០០០នាក់ដែលទទួលបានអាហារូបករណ៍ Australia Awards Cambodia គឺមាន៦០០នាក់ជាមន្ត្រីរាជការ។
លោកឯកអគ្គរដ្ឋទូត បានឱ្យដឹងដែរថា ជំនាញវិជ្ជាជីវៈដែលបេក្ខជនទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី គឺជាជំនាញដែលនៅប្រទេសកម្ពុជាពុំទាន់មានបានទូលំទូលាយ ក្នុងនោះមានជំនាញហិរញ្ញវត្ថុបច្ចេកទេស បច្ចេកវិទ្យាជីវសាស្ត្រ និងបច្ចេកវិទ្យាណាណូជាដើម។
ទន្ទឹមគ្នានេះ លោកស្រី សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអរគុណដល់រដ្ឋាភិបាលអូស្ត្រាលី និងក្រសួងអប់រំដែលបានរួមគ្នាអនុវត្តកម្មវិធីសម្រាប់អភិវឌ្ឍន៍យុវជន ពិសេសកម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំ២០២៦ បានបើកទូលាយដល់បេក្ខជនជាស្ត្រី និងជនមានពិការភាព ដែលនេះគឺជាការចូលរួមចំណែកក្នុងការលើកកម្ពស់យេនឌ័រនៅកម្ពុជា ខណៈបច្ចុប្បន្នថ្នាក់ដឹកនាំជាស្ត្រីមាន២៧%។
លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា អាហារូបករណ៍អូស្ដ្រាលី ធ្វើឡើងដោយឈរលើគោលការណ៍សមធម៌ និងផ្ដោតសំខាន់ទៅលើការកសាងធនធានមនុស្ស ហើយអាហារូបករណ៍អូស្ដ្រាលីក៏បានផ្តល់អាទិភាពដល់អ្នកងាយរងគ្រោះផងដែរ។
សម្រាប់ឆ្នាំសិក្សា២០២៥នេះ រដ្ឋាភិបាលអូស្ដ្រាលីនឹងផ្ដល់អាហារូបករណ៍ចំនួន៦២កន្លែងដល់និស្សិតកម្ពុជា និងសាធារណជន ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនៗ ខណៈនាពេលកន្លងមកកម្មវិធីអាហារូបករណ៍អូស្ដ្រាលីមានតែ៤០ទៅ៤៥កន្លែងប៉ុណ្ណោះ៕
អត្ថបទ៖ សុភៈនារី
រូបភាព៖ លោក ង៉ាន់ សំណាង