ប្រទេសអេស្តូនី ដាក់ពង្រាយនាវាចម្បាំងនៅសមុទ្របាល់ទិក ដើម្បីធានាសុវត្ថិភាពប្រព័ន្ធខ្សែកាបក្រោមទឹក
អេស្តូនី៖ បើតាមមន្រ្តីកងទ័ពជើងទឹកមួយរូបរបស់ប្រទេសអេស្តូនី ដែលកំពុងដឹកនាំបេសកកម្មល្បាតនៅតំបន់ឈូងសមុទ្រហ្វាំងឡង់ដ៍ បានបញ្ជាក់ថា គេបានត្រៀមខ្លួនដើម្បីទប់ស្កាត់រាល់នាវាដឹកជញ្ជូនទាំងឡាយណាដែលមានលក្ខណៈគួរសង្ស័យ ក្នុងការបង្កការខូចខាតលើប្រព័ន្ធខ្សែកាបក្រោមទឹកនៅតំបន់សមុទ្របាល់ទិក បើទោះបីជាស្ថិតនៅលើដែនសមុទ្រអន្តរជាតិយ៉ាងណាក្តី ស្របពេលបណ្តាប្រទេសក្នុងតំបន់កំពុងមានក្តីបារម្ភខ្លាំងចំពោះចេតនាទុច្ទរិតរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្រោមបាតសមុទ្រនៅតំបន់បាល់ទិក។
នាវាល្បាតដែនសមុទ្ររបស់ប្រទេសអេស្តូនីខាងលើនេះ មានឈ្មោះថា Sakala និងជាប្រភេទនាវាកម្ទាត់មីន ដែលប្រើប្រាស់ប្រព័ន្ធកាំមេរ៉ា ដើម្បីតាមដានសកម្មភាពយុថ្ការបស់កប៉ាល់ដឹកទំនិញនានា។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ នាវាល្បាតមួយនេះ ទើបបានបង្អាក់ដំណើររបស់កប៉ាល់មួយគ្រឿង ដែលមានប្រើទង់ជាតិរបស់ប្រទេសសាយប្រឹស ប៉ុន្តែមានអក្សរសម្គាល់ជាភាសារុស្ស៊ី ដើម្បីពិនិត្យមើលការទុកដាក់យុថ្ការបស់កប៉ាល់ តែមិនបានរកឃើញអ្វីខុសប្រក្រតីនោះឡើយ។
គួរជម្រាបថា នៅតំបន់ដែនសមុទ្របាល់ទិកនេះ មាននាវាដឹកជញ្ជូនធើ្វដំណើរឆ្លងកាត់ជាប្រចាំប្រមាណជា ៥០០ ទៅ ៦០០គ្រឿងក្នុងមួយសប្តាហ៍ៗ និងភាគច្រើនគឺជាកប៉ាល់ដែលធើ្វដំណើរទៅមកច្រកកំពង់ផែរបស់រុស្ស៊ី។
ចាប់តាំងពីមានវិបត្តិសង្គ្រាមនៅអ៊ុយក្រែនមក បណ្តាប្រទេសនៅតំបន់បាល់ទិក រួមមាន អេស្តូនី ឡាវីយ៉ា និងលីទុយអានី ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពនាវារបស់រុស្ស៊ី ក្រោយពីមានហេតុការណ៍កាត់បណ្តាញខ្សែកាបអុបទិកអ៊ីនធើណេត និងខ្សែកាបអគ្គិសនីជាច្រើនលើក ដែលបង្កឡើងដោយសារតែការបង្អូសយុថ្កានៅក្រោមបាតសមុទ្ររបស់កប៉ាល់ដឹកទំនិញមួយចំនួន ដែលមានទំនាក់ទំនងសម្ងាត់ជាមួយរុស្ស៊ី។ ទោះជាយ៉ាងណាក្តី ប្រទេសរុស្ស៊ី បានច្រានចោលពីការជាប់ពាក់ព័ន្ធនឹងសកម្មភាពទុច្ចរិតខាងលើ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ Reuters