និស្សិតកម្ពុជា ៤រូប ទទួលបានពានរង្វាន់ “អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេង” ពីមូលនិធិហុងដា នៃប្រទេសជប៉ុន បន្ទាប់ពីពួកគេប្រកួតប្រជែងយ៉ាងស្វិតស្វាញ
ភ្នំពេញ៖ មូលនិធិហុងដា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រៀបចំ «ពិធីប្រគល់រង្វាន់ដល់ជ័យលាភីប្រចាំឆ្នាំ២០២៤ ដល់អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងកម្ពុជា ចំនួន ៤រូប មកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្រាប់ពានរង្វាន់ទាំង ៤រូប ដោយ១រូបៗទទួលបានថវិកាចំនួន ៣០០០ដុល្លារ និងមេដាយ១។
ពួកគេបានឱ្យដឹងថា ការប្រកួតដណ្ដើមពានរង្វាន់ហុងដានេះមិនមែនជាការងាយស្រួលនោះទេ ដោយពួកគេមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត ក្នុងចំណោមនិស្សិតរាប់រយនាក់ និងថា ការប្រកួតប្រជែងនេះត្រូវតែខ្លាំង និងត្រូវការសិក្សាស្រាវជ្រានច្រើន រួមនឹងមានការអត់ធ្មត់ផងដែរ។ លទ្ធផលនេះគឺជាមោនភាពសម្រាប់ខ្លួនឯង ឳពុកម្តាយ លោកគ្រួអ្នកគ្រូ ក៏ដូចជាមិត្តភក្តិ និងសាលាផងដែរ ហើយសន្យាថា នឹងយកចំណេះដឹងនេះទៅចែករំលែក បម្រើជាប្រយោជន៍ដល់សង្គមជាតិ។
លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា លទ្ធផលដែលទទួលបានជ័យលាភីទាំង៤រូប នៅពេលនេះ កើតចេញពីការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រផ្ទាល់ ប៉ុន្តែក៏មិនត្រូវបំភ្លេចអ្នកកំពុងទ្រទ្រង់ និងទំនុកបម្រុង និងជួយជ្រោមជ្រែងនោះទេ មានសាស្ត្រាចារ្យ មិត្តភក្តិ អ្នកនៅជុំវិញខ្លួនដ៏ទៃទៀត និងជាពិសេសឪពុកម្តាយ ឬអាណាព្យាបាល ផងដែរ។ លោកបានចាត់ទុកឆន្ទៈដ៏មុតមាំរបស់យុវជន គឺជាកម្លាំងចលករមួយ សម្រាប់ត្រួសត្រាយមាគ៌ាជីវិតឆ្ពោះទៅកាន់ភាពឧត្តុង្គឧត្តម និងជាគំរូដ៏ល្អប្រពៃសម្រាប់និស្សិតជំនាន់ក្រោយៗទៀត ដែលជាជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនដ៏ពិតប្រាកដ។ ដូច្នេះយុវជនត្រៀមខ្លួនដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពនាពេលអនាគត។
ជាមួយគ្នានេះ លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានបានចាត់ទុកការចូលរួមរបស់មូលនិធិហុងដា គឺជាកម្លាំងចលករ និងការបណ្តុះនូវគំនិតស្រលាញ់វិស័យវិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូចនេះ ពួកគេ គឺជាអ្នកដឹកនាំនាពេលអនាគតរបស់ប្រទេសជាតិ ក៏ដូចជាសកលលោកទាំងមូល។
យោងតាមរបាយការណ៍របស់ លោក ឃឹម លាង ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា ក្នុងរយៈកាល ១៧ឆ្នាំ (២០០៨-២០២៤) មាននិស្សិតចំនួន ៩៥៩នាក់ មកពីសាកលវិទ្យាល័យរដ្ឋចំនួន៣ ដែលបានជ្រើសរើស រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចូលរួមដាក់ពាក្យប្រកួតប្រជែងដណ្ដើមពានរង្វាន់ហុងដានេះ។
ក្នុងចំណោមនោះ និស្សិតជ័យលាភីចំនួន ៦៨នាក់ ត្រូវបានជ្រើសរើសជាបេក្ខជនជ័យលាភី ក្នុងនោះ២៩នាក់ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣១នាក់ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង៨នាក់ ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ក្នុងចំណោមនិស្សិតជ័យលាភី មាន ១៤នាក់ បានជាប់អាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសជប៉ុន និងទទួលបានឱកាសការងារហាត់ការនៅប្រទេសជប៉ុនផងដែរ។ ពួកគេទទួលបានប្រាក់លើកទឹកចិត្តបន្ថែមចំនួន ១០.០០០ដុល្លារ ពីមូលនិធិហុងដា (នេះហៅថា Y-E-S Award Plus) បន្ថែមលើអាហារូបករណ៍ដែលផ្ដល់ដោយរាជរដ្ឋាភិបាលជប៉ុន។ រីឯអ្នកដទៃទៀតពួកគេកំពុងបម្រើការងារនៅតាមបណ្ដាស្ថាប័នរដ្ឋ និងឯកជនផ្សេងៗ។
នៅឆ្នាំ២០២៥ បេក្ខជនជ័យលាភី១រូប កាលពីឆ្នាំ២០២៣ នឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន តាមរយៈការទទួលបាននូវអាហារូបករណ៍ពីរាជរដ្ឋាភិបាលជប៉ុន (MEXT Scholarship)។ បេក្ខជនជ័យលាភីរូបនេះ នឹងទទួលបានការលើកទឹកចិត្តបន្ថែមចំនួន ១០.០០០ដុល្លារ ពីមូលនិធិហុងដានៅប្រទេសជប៉ុន ផងដែរ៕