ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនថា រុស្ស៊ីបានវាយប្រហារដ្រូនលើរបាំងការពាររបស់រោងចក្រនុយក្លេអ៊ែរ Chernobyl

image


អ៊ុយក្រែន៖ ប្រភពប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងថា ដ្រូនអត្តឃាតបំពាក់ដោយក្បាលគ្រាប់ខ្នាតធំមួយគ្រឿងរបស់រុស្ស៊ី បានធើ្វការវាយប្រហារលើរបាំងការពាររបស់រោងក្រនុយក្លេអ៊ែរ Chernobyl និងបានបង្កជាប្រហោងយ៉ាងធំនៅលើដំបូលរោងចក្រដែលសាងសង់ឡើងសម្រាប់ជាខែលការពារធាតុវិទ្យុសកម្ម ដែលបានលេចធ្លាយនៅក្នុងហេតុការណ៍សោកនាដកម្មនុយក្លេអ៊ែរឆ្នាំ ១៩៨៦។


ជុំវិញរឿងនេះ ប្រធានផ្នែកវិស្វកម្មរបស់រោងចក្រនុយក្លេអ៊ែរ Chernobyl លោក Alexander Titarchuk បានព្រមានពីការកើនឡើងនូវកម្រិតសារធាតុវិទ្យុសកម្មនៅក្នុងតំបន់រោងចក្រនុយក្លេអ៊ែរ Chernobyl ដោយសារតែលិចធ្លាយ ប៉ុន្តែស្ថានការណ៍បច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រង។
អ្នកជំនាញរូបនេះបានបន្តថា “របាំងដែកដែលគេសាងសង់ឡើងជាពិសេសដើម្បីការពារធាតុវិទ្យុសកម្មកុំឱ្យលេចមកក្រៅ គឺបានធ្លុះធ្លាយ និងមិនអាចដំណើរការបានពេញលេញទៀតឡើយ“ ។


ទោះជាយ៉ាងណាក្តី ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា IAEA បានបញ្ជាក់ថា កម្រិតធាតុវិទ្យុសកម្មនៅតំបន់រោងចក្រនុយក្លេអ៊ែរ Chernobyl មិនបានកើនឡើងលើសពីពេលកន្លងទៅនោះទេ ពីព្រោះតែរបាំងខ្ទប់កាកសំណល់នុយក្លេអ៊ែរផ្នែកខាងក្នុងរបស់រោងចក្រ មិនបានរងការខូចខាតអ្វីនោះឡើយ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ BBC News