ព័ត៌មានអន្តរជាតិ

ក្រុមមេដឹកនាំអឺរ៉ុប គ្រោងរៀបចំកិច្ចប្រជុំកំពូលបន្ទាន់លើបញ្ហាសង្គ្រាមអ៊ុយក្រែននៅសប្តាហ៍ក្រោយ

image

អឺរ៉ុប៖ ក្រុមមេដឹកនាំអឺរ៉ុបគ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ សម្រាប់កិច្ចប្រជុំកំពូលស្តីពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដើម្បីជាការឆ្លើយតបនឹងក្តីបារម្ភចំពោះដំណើរការចរចាគ្នាយ៉ាងស្អិតល្មួតរវាងអាម៉េរិកនិងរុស្ស៊ី ក្រោមរដ្ឋបាលថ្មីរបស់លោកដូណាល់ត្រាំ ដែលហាក់កំពុងព្យាយាមផាត់អឺរ៉ុបចេញពីដំណោះស្រាយនៅអ៊ុយក្រែន។ 

ជុំវិញរឿងនេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Sir Keir Starmer ដែលគ្រោងនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលខាងលើ បានចាត់ទុកជំនួបនៅពេលខាងមុខនេះថាជា "ពេលវេលាប្រវត្ថិសាស្រ្តដ៏សំខាន់សម្រាប់បញ្ហាសន្តិសុខជាតិរបស់អឺរ៉ុប" ហើយនិងបានជំរុញឱ្យអឺរ៉ុបត្រូវបង្កើនភាពជាម្ចាស់ការលើសម្ព័ន្ធភាពយោធារបស់ខ្លួន ជាជាងបន្តពឹងផ្អែកខ្លាំងលើសហរដ្ឋអាម៉េរិក។ 

ការរៀបចំជំនួបកំពូលរបស់មេដឹកនាំអឺរ៉ុបនេះ កើតឡើងបន្ទាប់ពីបេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិកសម្រាប់បញ្ហានៅអ៊ុយក្រែន លោក Keith Kellog បាននិយាយថា អាម៉េរិកនឹងពិគ្រោះយោបល់ជាមួយអឺរ៉ុបសម្រាប់ការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី ប៉ុន្តែអាម៉េរិកនឹងមិនអញ្ជើញក្រុមមេដឹកនាំអឺរ៉ុបឱ្យចូលរួមក្នុងជំនួបពិភាក្សាជាមួយរុស្ស៊ីឡើយ។

ក្នុងពេលថ្មីៗនេះ ប្រភពពីមន្រ្តីសេតវិមានបានចេញមុខបញ្ជាក់អំពីគម្រោងកិច្ចប្រជុំរវាងក្រុមអ្នកតំណាងរបស់រុស្ស៊ី អ៊ុយក្រែន និងមន្រ្តីជាន់ខ្ពស់របស់អាម៉េរិកនៅឯទឹកដីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងធើ្វឡើងនៅប៉ុន្មានថ្ងៃខាងមុខ ខណៈការប្រកាសនេះហាក់បានធើ្វឱ្យសហភាពអឺរ៉ុបកាន់តែមានក្តីបារម្ភខ្លាំង ចំពោះសុច្ចរិតភាពនៃផែនការសន្តិភាពនៅអ៊ុយក្រែនរបស់រដ្ឋបាលលោកដូណាល់ត្រាំ ស្របពេលតែលោក Keith Kellog បានរិះគន់ការចូលរួមពាក់ព័ន្ធរបស់អឺរ៉ុបថា ជាមូលហេតុដែលធើ្វឱ្យការចរចាជាមួយរុស្ស៊ីត្រូវបរាជ័យ៕

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ Reuters Connect