ព័ត៌មានអន្តរជាតិ

លោកត្រាំ និយាយថា ប្រព័ន្ធផ្សព្វផ្សាយ កំពុងព្យាយាមបំបែកទំនាក់ទំនងរវាងលោក និងលោកអេឡុនម៉ាស់

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) និយាយថា ប្រព័ន្ធផ្សព្វផ្សាយនឹងមិនទទួលបានជោគជ័យនោះទេ ក្នុងការព្យាយាមអុចអាលបង្កើតជម្លោះរវាងលោក និងលោកអេឡុនម៉ាស់ (Elon Musk) ដែលលោកបានផ្ដល់សិទ្ធិអំណាចពេញដៃ ក្នុងការចាត់ចែងផ្លាស់ប្ដូរភ្នាក់ងារសហព័ន្ធ និងកម្លាំងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ។

នៅក្នុងសម្រង់បទសម្ភាសន៍ជាមួយពិធីករទូរទស្សន៍ Fox Channel លោកស៊ាន ហានីធី (Sean Hannity) ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារនេះ លោកត្រាំ (Trump) បាននិយាយថា លោកបាននិយាយថា លោកអេឡុនម៉ាស់ (Elon Musk) បានទូរសព្ទមកកាន់លោក ហើយនិយាយថា «តើអ្នកដឹងទេថា ពួកគេ (សំដៅដល់អ្នកកាសែត និងអ្នកវិភាគនយោបាយ) កំពុងព្យាយាមបំបែកបំបាក់ទំនាក់ទំនងរបស់ពួកយើង»។ លោកត្រាំ ក៏បានឆ្លើយតបវិញថា «ពិតណាស់ លោកក៏បានដឹងពីបំណងរបស់ពួកគេដូចគ្នាដែរ» ដោយលោកបានបន្ថែមទៀតថា «យុទ្ធសាស្ត្រចោទប្រកាន់របស់ពួកគេ នឹងមិនដំណើរការនោះទេ ព្រោះតែលោកជឿជាក់ថា ប្រជាជនមានភាពវ័យឆ្លាត និងចេះគិតគូពីរឿងនេះច្បាស់ណាស់» ។

ទោះជាបែបណាក្ដី លោកត្រាំ (Trump) និងលោកម៉ាស់ (Musk) ត្រូវមជ្ឈដ្ឋានជាច្រើនរិះគន់យ៉ាងខ្លាំងចំពោះវិធានការនិងសកម្មភាពរបស់អ្នកទាំងពីរ ដែលព្យាយាមលុបបំបាត់ទ្រង់ទ្រាយធំចំពោះទីភ្នាក់ងារនានារបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីកាត់បន្ថយទំហំក្នុងបន្ទុកចំណាយរបស់រដ្ឋ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ បុគ្គលិកសហព័ន្ធជាង ៩,៥០០ នាក់ ភាគច្រើនជាអ្នកហាត់ការសាកល្បង ត្រូវបានបណ្ដេញចេញពីនាយកដ្ឋាននានា រួមទាំងក្រសួងមហាផ្ទៃ, ថាមពល, កិច្ចការអតីតយុទ្ធជន, កសិកម្ម, សុខភាព និងសេវាកម្មផ្សេងទៀត។ បុគ្គលិកសាកល្បងការងារភាគច្រើន ស្ថិតនៅក្នុងឆ្នាំដំបូង ដែលទទួលបានការការពារផ្នែកច្បាប់តិចតួចបំផុត ។

ជុំវិញវិធានការនេះ លោក ត្រាំ (Trump) និយាយថា រដ្ឋាភិបាលសហព័ន្ធ ប្រឈមនឹងការចំណាយហួសហេតុពេក និងគ្មានប្រសិទ្ធភាព ដោយការចំណាយបានបាត់បង់ទៅលើភាពខ្ជះខ្ជាយ និងការកេងបន្លំ។ លោកត្រាំ បានបន្ថែមទៀតថា កាលពីឆ្នាំមុន រដ្ឋាភិបាល មានបំណុលប្រហែល ៣៦ ពាន់ពាន់លានដុល្លារអាម៉េរិក និងឱនភាពចំនួន ១.៨ពាន់លានដុល្លារ ។

ទោះមានការគាំទ្រពីសមាជិកគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភាក៏ដោយ ក៏សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បានរិះគន់ចំពោះចំណាត់ការរបស់លោកត្រាំ ថា កំពុងតែរំលោភបំពានលើសិទ្ធិអំណាចរដ្ឋធម្មនុញ្ញរបស់សភា ពាក់ព័ន្ធនឹងការចំណាយរបស់សហព័ន្ធ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
រូបភាព៖ Reuters/ Fox News