ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ស្វែងរកថវិកា ៦ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ក្នុងប្រទេសស៊ូដង់

image


សហប្រជាជាតិ៖ កាលពីថ្ងៃចន្ទ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិមួយរូប បានប្រកាសស្វែងរកថវិកាសរុបចំនួន ៦ពាន់លានដុល្លារអាម៉េរិក សម្រាប់បេសកកម្មមនុស្សធម៌ក្នុងប្រទេសស៊ូដង់នៅឆ្នាំ ២០២៥ ដើម្បីជួយសម្រួលបញ្ហាទុក្ខលំបាករបស់ពលរដ្ឋស៊ូដង់រាប់លាននាក់ ដែលបានកំពុងរងគ្រោះយ៉ាងវេទនាដោយសារតែវិបត្តិសង្គ្រាមស៊ីវិលរយៈពេលជិត ២ឆ្នាំកន្លងមកនេះ។

ការប្រកាសគោលដៅថវិកាសរុប ៦ពាន់លានដុល្លាររបស់អង្គការសហប្រជាជាតិសម្រាប់បេសកកម្មមនុស្សធម៌ក្នុងប្រទេសស៊ូដង់នាពេលនេះ គឺជាការកើនឡើងប្រមាណ ៤០% បើធៀបទៅនឹងទំហំថវិកាកាលពីឆ្នាំ ២០២៤ និងបានធើ្វឡើងស្របពេលស្ថានភាពជំនួយនៅទូទាំងពិភពលោក កំពុងប្រឈមនឹងការរឹតត្បិតខ្លាំងពីសហរដ្ឋអាម៉េរិក ដែលជាប្រទេសម្ចាស់ជំនួយធំជាងគេបំផុត ក្រោយពីលោកដូណាល់ត្រាំ បានប្រកាសផ្អាករាល់ជំនួយបរទេសទាំងអស់របស់អាម៉េរិក កាលពីចុងខែមករាកន្លងទៅ។

អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់អំពីសារសំខាន់នៃជំនួយថវិកាខាងលើ សម្រាប់ការផ្តត់ផ្គង់ជំនួយមនុស្សធម៌ដល់ពលរដ្ឋស៊ូដង់សរុបជាង ២០លាននាក់ ដែលបានរងផលប៉ះពាល់ដោយសារតែជម្លោះប្រដាប់អាវុធរយៈពេលជាង ២២ខែ រវាងកងទ័ពស៊ូដង់និងក្រុមប៉ារ៉ាយោធា RSF។

ជុំវិញស្ថានការណ៍មនុស្សធម៌ក្នុងប្រទេសស៊ូដង់នេះ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានអះអាងថា បច្ចុប្បន្នមានតំបន់ចំនួន៥ ក្នុងប្រទេសស៊ូដង់ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស ស្របពេលស្ថានការណ៍អត់ឃ្លាន នឹងវិវត្តន៍កាន់តែអាក្រក់ថែមទៀតក្នុងរយៈពេលខាងមុខ ដោយសារតែការបន្តប្រយុទ្ធគ្នានៅស៊ូដង់ និងការដួលរលំនូវសេវាសាធារណៈសំខាន់ៗ។

កាលពីពេលថ្មីៗនេះ ជំរំមនុស្សធម៌ធំមួយកន្លែងដែលកំពុងប្រឈមនឹងគ្រោះអត់ឃ្លាននៅក្នុងតំបន់ដាហ្វួរ (Darfur) បានទទួលរងនូវការវាយប្រហាររបស់ក្រុមប៉ារ៉ាយោធា RSF ដែលមានបំណងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ភាគខាងលិចរបស់ស៊ូដង់។

ដោយឡែក ពាក់ព័ន្ធនឹងផែនការមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ូដង់ គេមានបំណងផ្តល់ការផ្តត់ផ្គង់មនុស្សធម៌ដល់មនុស្សសរុបជិត ២១លាននាក់ ដែលធើ្វឱ្យបេសកកម្មនេះ ក្លាយជាកិច្ចការមនុស្សធម៌ធំបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ ២០២៥ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ ​Various Sources